ក្រសួងអប់រំកំណត់បង្ហាញការប្រកួតកីឡាជើងឯកថ្នាក់ជាតិនៃប្រភេទកីឡាចំនួន៤១ ប្រចាំឆ្នាំ២០២១

ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់បង្ហាញនូវកាលបរិច្ឆេទ នៃការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិ តាមប្រភេទកីឡានីមួយៗសរុបចំនួន៤១ប្រភេទកីឡា សម្រាប់ឆ្នាំ២០២១។

នៅក្នុងលិខិតផ្លូវការចេញដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវ ជន និងកីឡា បញ្ជាក់ក្នុងសប្តាហ៍មុនថា យោងតាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ក្រសួងបានបង្ហាញនូវកាលបរិច្ឆេទនៃការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះ នៃប្រភេទកីឡានីមួយៗ ដោយប្រភេទកីឡាវាយកូនគោលបានចាប់ផ្តើមមុនគេ កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២១ ហើយ២ប្រភេទកីឡាដូចជា កីឡាចំបាប់ និងសូហ្វតិន្នីស នឹងធ្វើក្នុងអំឡុងខែមេសា ឆ្នាំ២០២១ ។ រីឯ៣ប្រភេទកីឡាចុងក្រោយគេ មានដូចជា ប្រភេទកីឡាតេក្វាន់ដូ ITF កីឡាបេស្បល និងកីឡាជឺជីតស៊ូ នឹងធ្វើនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

ការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិនេះ គឺជាការប្រកួតប្រជែងក្នុងកម្រិតថ្នាក់ជាតិ ដែលខ្ពស់ជាងគេដោយប្រើប្រាស់ថវិកាគំាទ្រជាតិ តាមរយៈការស្នើសុំរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយនៅក្នុងឆ្នាំ២០២១នេះ សហព័ន្ធកីឡាជាតិចំនួន៤១ទទួលបានថវិកាគាំទ្រនេះ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើប្រតិភូកម្មអំណាច និងមុខងារ ជូនដល់សហព័ន្ធកីឡាជាតិទាំងអស់ ដោយរៀបចំដោយខ្លួនឯង ក្នុងការអភិវឌ្ឍវិស័យកីឡានៃទម្រង់ផែនការចំនួន៣។ នៅក្នុងការទទួលថវិកាគាំទ្រ ដើម្បីបន្តដំណើរការអភិវឌ្ឍនេះ ជាគោលការណ៍សហព័ន្ធកីឡាជាតិនីមួយៗត្រូវបានកំណត់ឱ្យប្រើប្រាស់ថវិកាសម្រាប់ការងាររដ្ឋបាលចំនួន២០ភាគរយ ការបណ្តុះបណ្តាល ៣៥ភាគរយ និងការប្រកួត ៤៥ភាគរយ នៃថវិកាគាំទ្រសរុប ដែលសហព័ន្ធកីឡាជាតិនីមួយៗទទួលបានសម្រាប់១ឆ្នាំៗ។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាតែងតែឧស្សាហ៍ជម្រាបជូនដល់សហព័ន្ធកីឡាជាតិ កន្លងទៅថា បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡាកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅ ដោយយោងតាមផែន ការមេ ក៏ដូចជានៅក្នុងគោលនយោបាយជាតិ ដែលបានធ្វើប្រតិភូកម្មមុខងារ ដល់សហព័ន្ធកីឡាជាតិនានា ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍខ្លួនឯងនូវប្រភេទកីឡានីមួយៗកាន់តែល្អប្រសើរ។ កំណែទម្រង់ស៊ីជម្រៅនេះ បានចង្អុលបង្ហាញអំពីទិសដៅឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍវិស័យកីឡាឱ្យកាន់តែរីកចម្រើន ជាពិសេសផែនការចំពោះមុខដ៏ធំចម្បង គឺ ដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

កាលពីក្នុងឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ជូនថវិកាគាំទ្រជូនដល់៤២សហព័ន្ធកីឡាជាតិ សម្រាប់ការអភិវឌ្ឍរបស់សហព័ន្ធកីឡាជាតិនីមួយៗ ដោយមានបីគោលដៅ គឺប្រើប្រាស់សម្រាប់ផ្នែករដ្ឋបាល ២០ភាគរយ, ការបណ្តុះបណ្តាលធនធានមនុស្ស ៣៥ភាគរយ និងការប្រកួតចំនួន៤៥ភាគរយ ដោយការផ្ទេរថវិកាគំាទ្រនេះតាមរយៈប្រព័ន្ធធនាគារ ដើម្បីឱ្យការប្រើប្រាស់ថវិកាជាតិនេះ មានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពជាដើម៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT