ក្រសួងការពារជាតិដណ្តើមបានមេដាយច្រើនជាងគេពីការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០

សមាគមកីឡាវ៉ូវីណាមនៃក្រសួងការពារជាតិឈរនៅចំណាត់ថ្នាក់លេខ១នៃតារាងមេដាយ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ នៅទីលានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៣ថ្ងៃ និងបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។

អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ឯកឧត្តម អ៊ូ រតនា បានបង្ហាញលទ្ធផលបច្ចេកទេសរបស់គណៈកម្មការរៀបចំឱ្យដឹងថា សមាគមកីឡាវ៉ូវីណាមក្រសួងការពារជាតិ ដែលដណ្តើមបានចំណាត់ថ្នាក់លេខ១នេះគឺឈ្នះមេដាយមាស៧ និងសំរឹទ្ធិ១, ចំណាត់ថ្នាក់លេខ២ ក្រសួងមហាផ្ទៃ មេដាយមាស៥ ប្រាក់៤, លេខ៣ ក្លឹបតារាជអង្គរ ខេត្តសៀមរាប មេដាយមាស៣ ប្រាក់៦ និងសំរឹទ្ធិ១, លេខ៤ ក្លឹបហ្វ្រេនហ្សូន មេដាយមាស១ ប្រាក់៤ និងសំរឹទ្ធិ៦, លេខ៥ ខេត្តប៉ៃលិន មេដាយមាស១ ប្រាក់១ និងសំរឹទ្ធិ១ ខណៈ៧សមាគម-ក្លឹបទៀតមិនឈ្នះមេដាយមាសទេ ក្នុងនោះមានមាន២ក្លឹបឈ្នះមេដាយប្រាក់ម្នាក់១គ្រឿង ខណៈ៤ក្លឹបឈ្នះត្រឹមមេដាយសំរឹទ្ធិ។ រីឯខេត្តស្វាយរៀងមិនឈ្នះមេដាយសោះ។ ឆ្នាំនេះមានក្លឹបចូលរួមចំនួន១២ ដោយមានកីឡាករ កីឡាការិនីសរុប៧៦នាក់ ហើយប្រកួតលើ១៧វិញ្ញាសា។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានវាយតម្លៃខ្ពស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដែលបានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ឱ្យទទួលបានជោគជ័យគួរឱ្យមានមោទនភាព នាពេលនេះ។ គោលបំណងចម្បងនៃការប្រកួតនេះ គឺជាការវាស់ស្ទង់ និងពង្រឹងសមត្ថភាពបន្ថែមរបស់កីឡាករ កីឡាការិនី នៅក្នុងកម្រិតនៃក្របខ័ណ្ឌការប្រកួតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់យើង និងដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ធ្វើការកែលម្អចំណុចខ្វះខាតទាំងអស់ នោះ ក្នុងន័យចូលរួមការប្រកួតប្រកបដោយសក្តានុពល និងពោរពេញដោយលក្ខណៈបច្ចេកទេសខ្ពស់ សម្រាប់ការប្រកួត ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម ស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាគូសបញ្ជាក់ដែរថា អស់រយៈពេល៤ថ្ងៃនេះ នៃព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីបន្ថែម ដើម្បីឆ្ពោះទៅប្រជែងមេដាយ ក្នុងស៊ីហ្គេមទាំងពីរលើក នាចុងឆ្នាំ២០២១ និងទទួលធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៣ផង។ ឯកឧត្តមបន្តថា តាមរយៈការប្រកួតនេះដែរ ក្នុងន័យលើកកម្ពស់ស្មារតីស្ថាប័នតែមួយ ព្រមជាមួយនឹងការយកចិត្តទុកដាក់ទៅដល់ការអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនី របស់សហព័ន្ធវីណាមប្រកបដោយវិន័យ សេចក្តីថ្លៃថ្នូរ គុណភាព គុណវុឌ្ឍ សមត្ថភាព ប្រសិទ្ធភាពការងារ និងស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តម ស៊ូម សារឿន ក៏បានសាទរដល់កីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភី ប៉ុន្តែឯកឧត្តមក៏បានលើកទឹកចិត្តដល់អ្នកមិនទទួលបានជ័យលាភីផងដែរ ដោយមិនត្រូវអស់សង្ឃឹមទេ ហើយប្អូនៗត្រូវបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ ពង្រឹងនិងអភិវឌ្ឍន៍សមត្ថភាពឱ្យកាន់តែខ្លាំងក្លា និងរឹងមាំបន្ថែមទៀត ដើម្បីត្រៀមចូលរួមប្រកួតដណ្តើមយកជ័យលាភី សម្រាប់ការប្រកួតនាពេលក្រោយៗទៀត ពីព្រោះប្អូនៗនៅមានឱកាសជាច្រើនទៀតដែលត្រូវធ្វើ ហើយការដណ្តើមបានជ័យលាភីនោះ គឺជាកិត្តិយស មិនត្រឹមតែសម្រាប់ខ្លួនប្អូនផ្ទាល់ប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏សម្រាប់កិត្តិយសគ្រួសារ និងប្រទេសជាតិផងដែរ៕

 

អត្ថបទ៖ CAMSOC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT