ក្លិបក្រសួងមហាផ្ទៃឈ្នះមេដាយមាស៣ ក្នុងចំណោម៧វិញ្ញាសា កីឡាវាយសី ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០

ក្លិបកីឡាវាយសីក្រសួងមហាផ្ទៃបានយឈ្នះមេដាយមាសច្រើនជាងគេ ចំនួន៣វិញ្ញាសា ក្នុងចំណោម៧វិញ្ញាសា នៅក្នុងការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលបានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅសាលសហព័ន្ធកីឡាវាយសីនៃពហុកីឡដ្ឋានជាតិអូឡំាពិក បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៣ថ្ងៃ។

យោងតាមលទ្ធផលបច្ចេកទេសរបស់សហព័ន្ធកីឡាវាយសីកម្ពុជាបានឲ្យដឹងថា មេដាយមាសចំនួន៣វិញ្ញា សា ដែលក្លិបកីឡាវាយសីក្រសួងមហាផ្ទៃដណ្តើមបាននោះ រួមមានវិញ្ញាសាវាយគូបុរសអាយ១៩ឆ្នាំឡើង, វិញ្ញាសាវាយគូបុរសអាយុក្រោម១៩ឆ្នាំ និងវាយទោលបុរសអាយុ១៩ឆ្នាំឡើង។ ចំណែកឯវិញ្ញាសាចំនួន៤ផ្សេងទៀត រួមមាន៖ វាយទោលនារីក្រោម១៨ឆ្នាំ មេដាយមាស ក្លិបវាយសីការពារអាកាសកងទ័ពជើងគោក, វិញ្ញាសាវាយគូចម្រុះមិនគិតអាយុ មេដាយមាស ក្លិបកីឡាវាយសីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, វិញ្ញាសាវាយទោលបុរសអាយុក្រោម១៨ឆ្នាំ មេដាយមាស សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប និងវិញ្ញាសាវាយគូនារី១៩ឆ្នាំឡើងដណ្តើមបានមេដាយមាសដោយសម្ព័ន្ធកីឡាវាយសីខេត្តកំពង់ចាម។

ក្រៅពីមេដាយមាស ក៏បានមេដាយប្រាក់ និងសំរឹទ្ធ លើវិញ្ញាសាសរុបទាំង៧នេះ ដែលដណ្តើមបានដោយក្លិបមួយចំនួនទៀត ក្នុងចំណោមក្លិប ដែលចូលរួមប្រកួតប្រជែងសរុបចំនួន១៥ ដែលមានប្រតិភូ កីឡាករ កីឡាការិនីសរុប ១៨២នាក់។ថ្លែងក្នុងឱកាសបិទការប្រកួត ឯកឧត្តម លី កុសល ប្រធានសហ ព័ន្ធកីឡាវាយសីកម្ពុជាមានប្រសាសន៍ថា តាមពិត ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ តែងតែរៀបចំឡើងនៅក្នុងខែតុលា រៀងរាល់ឆ្នាំ ហើយ នៅការប្រកួតថ្នាក់ជាតិប្រចាំឆ្នាំ២០២០នេះត្រូវពន្យាពេលមកប្រកួតនៅខែមករានេះវិញ ដោយសារវិបត្តិជំងឺកូវីដ-១៩។ ឯកឧត្តមប្រធានសហព័ន្ធសង្កត់ធ្ងន់ថា ការប្រកួតថ្នាក់ជាតិនេះបានអនុវត្តតាមទម្រង់ទាំងស្រុងទៅនឹងការប្រកួតកីឡាជាតិ ដែលបានអនុវត្តតាមបទដ្ឋាននៃការប្រកួតកីឡាស៊ីហ្គេម ដើម្បីឲ្យមន្ត្រីបច្ចេកទស និងកីឡាករ កីឡាការិនីកម្ពុជាមានឱកាសត្រៀមលក្ខណៈសម្បត្តិឲ្យបានកាន់តែល្អប្រសើរ ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។


ឯកឧត្តម លី កុសល ក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាករិនី ដែលមិនទាន់ដណ្តើមបានជ័យលាភីនាពេលនេះមិនត្រូវបាក់ទឹកចិត្តនោះទេ ប៉ុន្តែគប្បីត្រូវបន្តការខិតខំបន្ថែមទៀត ដែលសិក្សាលើចំណុចខ្វះខាតរបស់ខ្លួន ដើម្បីឈ្នះការប្រកួតនាពេលខាងមុខ បើកកាលណាយើងមានការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំបន្ថែមទៀត ក្នុងការដុះខាត់សមត្ថភាពឲ្យកាន់តែល្អជាងមុន។ ជាមួយគ្នានោះ ឯកឧត្តមប្រធានក៏បានបង្ហាញនូវភាពកក់ក្តៅ ដែលបណ្តាក្លិប កីឡាករ កីឡាការិនីចូលរួមទាំងអស់ខិតខំបញ្ចេញអស់ពីសមត្ថភាព នៅក្នុងការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០នេះ ហើយឯកឧត្តមក៏បានជំរុញទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់បន្តការខិតខំរួមគ្នាជាមួយសហព័ន្ធកីឡាវាយសីកម្ពុជា ដែលយើងទាំងអស់គ្នាមានគោលដៅច្បាស់លាស់ ដើម្បីបន្តការអភិវឌ្ឍប្រភេទកីឡាវាយសី ឈានឆ្ពោះទៅដណ្តើមជោគជ័យ នៅក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT