Dang Van Lam ជាប់​ទាក់​ទងព័ត៌មាន​ផ្ទេរ​ទៅ​លេង​នៅ​ក្លិប​លីគកំពូលជប៉ុនមួយ

វិបសាយកីឡាល្បីឈ្មោះរបស់ជប៉ុន Sports Hochi កាលពីម្សិលមិញបានរាយការណ៍ថា អ្នកចាំទីក្រុមជម្រើសជាតិវៀតណាមឈ្មោះ Dang Van Lam ខិតជិតនឹងចូលរួមជាមួយក្លិប Cerezo Osaka សម្រាប់រដូវកាល ២០២១ ក្នុងលីគ J1 ហើយ។

នៅក្នុងអត្ថបទរបស់​កាសែតមួយនេះបានបញ្ជាក់ថា បើអ្វីៗដំណើរការបានល្អ  Dang Van Lam នឹងលេចមុខជាកីឡាករវៀតណាមទី ៤ ដែលចូលរួមក្លិប J- League បន្ទាប់ពី​ Nguyen Cong Phuong, Nguyen Tuan Anh និង Le Cong Vinh។ បន្ថែមពីលើនេះ វិបសាយមួយទៀតមកពីប្រទេសវៀតណាម Sports5 បានបង្ហើបថា Van Lam បានបញ្ចប់ការចរចាជាមួយក្លឹបជប៉ុនកាលពីម្សិលមិញ។

រហូតមកដល់ពេលនេះមិនទាន់មានព័ត៌មានលម្អិតអំពីការចរចាត្រូវបានបង្ហាញនោះទេ ប៉ុន្តែដូចដែលបានរាយការណ៍ពីមុនមកក្លិប Muangthong United បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះលែងអ្នកចាំទីរបស់ពួកគេ ប្រសិនបើពួកគេទទួលយកការផ្តល់ជូនមួយសមរម្យ។

សារព័ត៌មាន ZingNews បានរាយការណ៍ថា Ho Chi Minh City FC ក៏ចាប់អារម្មណ៍ Dang Van Lam ប៉ុន្តែបានចាញ់ការដេញថ្លៃ Cerezo Osaka។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT