សំណួរ​ពិបាក​រក​ចម្លើយ! ដើរ​រូបមន្ត​អ្វី​ទើប​អ៊ីតាលី/អាល្លឺម៉ង់​បាន​ម្នាក់ ៥ កៅអី UCL រដូវ​កាល​ក្រោយ?

ច្បាប់​ថ្មី រូបមន្ត​ថ្មី​សុទ្ធសាធ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League រដូវ​កាល​ក្រោយ ២០២៤/២៥ ដែល​ដំឡើង​ពី​បច្ចុប្បន្ន​ភាព​មាន ៣២ ក្លឹប​ចូលរួម ថែម​ដល់​ទៅ ៣៦ ក្លឹប។ ទាំង​រូបមន្ត​នៃ​ការ​ប្រកួត ទាំង​រូបមន្ត​នៃ​ការ​ជ្រើសរើស​ក្លឹប​ចូលរួម ​ក្រោម​ការ​សម្រេច​របស់​សមាគម​បាល់ទាត់​អឺរ៉ុប បាន​មាន​ការ​កែប្រែ​មួយ​ចំនួន​ធំ​ផង​ដែរ ជា​រួម​យើង​អាច​និយាយ​ថា ២០២៣/២៤ ជា UCL រដូវ​កាល​ចុងក្រោយ ដែល​យើង​ធ្លាប់​និយម​ទស្សនា​រសជាតិ​បែប​នេះ​អស់​រាប់​សិប​ឆ្នាំ ត្រូវ​វិវត្ត​ទៅ​ក្នុង​រជ្ជកាល​ថ្មី​នា​ឆ្នាំ​បន្ទាប់។ កៅអី​ទាំង ៣៦ ផ្តល់​ជូន​មាន​ដូច​ត​ទៅ​នេះ៖

ម្ចាស់​ជើង​ឯក UCL រដូវ​កាល​ចាស់ ១ កៅអី

ម្ចាស់​ជើង​ឯក UEL រដូវ​កាល​ចាស់ ១ កៅអី

សមាគម​បាល់ទាត់​នៃ​ប្រទេស ២ ដែល​មាន​ពិន្ទុ Coefficients ខ្ពស់​ដាច់​គេ​នា​រដូវ​កាល​ចាស់ នឹង​ទទួល​បាន ១ កៅអី​បន្ថែម​រៀង​គ្នា

ម្ចាស់​ជើង​ឯក​លីគ​កំពូល ​នៃ​សមាគម​បាល់ទាត់​តាម​ចំណាត់ថ្នាក់ Country Coefficients Ranking ពី ១ ដល់ ១០

ជើង​ឯក​រង​ឬ​ក្លឹប​ឈរ​លេខ​ ២ នៃ​សមាគម​បាល់ទាត់​តាម​ចំណាត់ថ្នាក់ Country Coefficients Rankingពី ១ ដល់ ៦

ក្លឹប​ឈរ​លេខ ៣ នៃ​សមាគម​បាល់ទាត់​តាម​ចំណាត់ថ្នាក់ Country Coefficients Rankingពី ១ ដល់ ៥

ក្លឹប​ឈរ​លេខ ៤ នៃ​សមាគម​បាល់ទាត់​តាម​ចំណាត់ថ្នាក់ Country Coefficients Rankingពី ១ ដល់ ៤ (បូក​បញ្ចូល​ពិន្ទុ​សរុប ៥ រដូវ​កាល​ចុងក្រោយ) ដូច​រៀបរាប់ ២៩ ក្លឹប​ទទួល​បាន​កៅអី​ Direct ទៅ​ UCL រដូវ​កាល​បន្ទាប់

ក្លឹប​ទាំង ៥ ឈ្នះ​ពី​វគ្គ​ជម្រុះ​ Play-off (Champions Path)

ក្លឹប​ទាំង ២ ឈ្នះ​ពី​វគ្គ​ជម្រុះ Play-off (League Path) ដូច​រៀបរាប់ ៧ ក្លឹប​ទទួល​បាន​កៅអី​តាម​រយៈ​វគ្គ​ជម្រុះ​បឋម​ច្រើន​តង់​នៅ​រដូវ​កាល​ចាស់ ដើម្បី​បាន​កៅអី​ឡើង​មក UCL រដូវ​កាល​បន្ទាប់

ស្តាប់​ទៅ​វា​មិន​ស្មុគស្មាញ​នឹង​យល់​អី​នោះ​ទេ បើ​អ្នក​ស្គាល់​ច្បាស់ តើ​អ្វី​ទៅ​ជា Country Coefficients Ranking ឬ​គេ​ហៅ​បាន​ថា Association club coefficients ranking ដែល​ជា​ការ​ចាត់​ចំណាត់ថ្នាក់​និង​ទទួល​ស្គាល់​ចេញ​ពី​គេហទំព័រ​ផ្លូវការ​របស់ UEFA ផ្ទាល់​តែ​ម្តង។ ​បច្ចុប្បន្ន​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ឈរ​លេខ​រៀង​ទី ១ អេស្ប៉ាញ​លេខ ២ អ៊ីតាលី​លេខ ៣ ​អាល្លឺម៉ង់​លេខ ៤ និង​បារាំង​លេខ ៥ ដែល​នេះ​គេ​គណនា​ផ្អែក​តាម​ពិន្ទុ​នៃ​ ៥ រដូវ​កាល​ចុងក្រោយ។ បូក​ចុះ​ឡើង​គេ​យក​ទៅ​អនុវត្ត​លើ​កៅអី​ទាំង ២៥ ដែល​បាន​បែងចែក ពី​ក្លឹប​ឈ្នះ​ជើង​ឯក ដល់​ក្លឹប​ឈរ​លេខ ៤ ប្រចាំ​លីគ​នីមួយៗ។

តែ​សំណួរ​ចាក់​ដោត​ធំ​បំផុត​និង​ប្លែក​ពី​រដូវ​កាល​មុនៗ គឺ​ត្រង់​កៅអី​បន្ថែម ២ ដែល​ទើប​សម្រេច​ផ្លូវការ ផ្តល់​ជូន​ទៅ​កាន់​លីគ​អ៊ីតាលី Serie A និង​អាល្លឺម៉ង់ Bundesliga ដែល​ប្រកាស​កន្លង​ទៅ​ថ្មីថ្មោង នៅ​មាន​បងប្អូន​យើង​ជា​ច្រើន​មិន​អស់​ចិត្ត ហើយ​សួរ​ថា ចុះ​ម៉េច​គេ​មិន​ផ្តល់​ឲ្យ​ Premier League ឬ La Liga ព្រោះ​បើ​មើល​ពី​ក្រៅ សម​តែ​ជា​លីគ​ពីរ​នោះ ដ្បិត​បណ្តុំ​សុទ្ធ​តែ​គីឡូ​ក្លឹប​យក្ស​ប្រចាំ​តំបន់​អឺរ៉ុប។

ចម្លើយ​គឺ​ត្រង់៖ UEFA បាន​សម្រេច​អនុវត្ត​ដើរ​រូបមន្ត​បូក​ពិន្ទុ​សមិទ្ធផល​ក្លឹប​មាន​ឈ្មោះ​ចូលរួម​ទាំង​អស់​ប្រចាំ​លីគ​នីមួយៗ​នៅ​រដូវ​កាល ២០២៣/២៤ ហើយ​ខាង​ណា​បាន​ខ្ពស់​ដាច់​គេ​បង្អស់ នឹង​បន្ថែម​ ១ កៅអី​ជូន។

ការ​អនុវត្ត​លក្ខខណ្ឌ​ដាក់​ពិន្ទុ​ជា​រួម គិត​តាំង​ពី​វគ្គ​ចែក​ពូល​ទៅ ដូច​ការ​ឈ្នះ​ទទួល​បាន ២ ពិន្ទុ ​ស្មើ​បាន ១ ពិន្ទុ និង​ចាញ់​បាន ០ ពិន្ទុ។

វា​ត្រូវ​បាន​អនុវត្ត​ដោយ​បន្ថែម​ពិន្ទុ​ដូច​ត​ទៅ៖

លក្ខខណ្ឌ​ឲ្យ​ពិន្ទុ​នៅ Champions League
៤ ពិន្ទុ ​សម្រាប់​ក្លឹប​មាន​ឈ្មោះ​ចូលរួម​វគ្គ​ចែក​ពូល
៥ ពិន្ទុ សម្រាប់​ក្លឹប​ឡើង​ដល់​វគ្គ ១៦ ក្រុម
១ ពិន្ទុ សម្រាប់​ក្លឹប​ឡើង​ដល់​វគ្គ​ ៨ ក្រុម ៤ ក្រុម និង​ផ្តាច់ព្រ័ត្រ

លក្ខខណ្ឌ​ឲ្យ​ពិន្ទុ​នៅ Europa League
៤ ពិន្ទុ សម្រាប់​ក្លឹប​ឈរ​លេខ​មួយ​នៅ​វគ្គ​ចែក​ពូល
២ ពិន្ទុ សម្រាប់​ក្លឹប​ឈរ​លេខ​ពីរ​នៅ​វគ្គ​ចែក​ពូល
១ ពិន្ទុ សម្រាប់​ក្លឹប​ឡើង​ដល់​វគ្គ ១៦ ក្រុម ៨ ក្រុម ៤ ក្រុម និង​ផ្តាច់ព្រ័ត្រ

លក្ខខណ្ឌ​ឲ្យ​ពិន្ទុ​នៅ Europa Conference League
២ ពិន្ទុ សម្រាប់​ក្លឹប​ឈរ​លេខ​មួយ​នៅ​វគ្គ​ចែក​ពូល
១ ពិន្ទុ សម្រាប់​ក្លឹប​ឈរ​លេខ​ពីរ​នៅ​វគ្គ​ចែក​ពូល
១ ពិន្ទុ សម្រាប់​ក្លឹប​ឡើង​ដល់​វគ្គ ៤ ក្រុម និង​ផ្តាច់ព្រ័ត្រ

​ឧទាហរណ៍៖ Bayern Munich ពួក​គេ​ឈ្នះ ៥ ​ស្មើ ១ នាំ​ឲ្យ​ទទួល​បាន ១១ ពិន្ទុ បូក ៤ ពិន្ទុ​បន្ថែម​ពី​ការ​មាន​ឈ្មោះ​ចូលរួម​នៅ​វគ្គ​ចែក​ពូល​សរុប ១៥ ពិន្ទុ។ នេះ​បូកពិន្ទុឈ្នះ ចាញ់ ស្មើ បន្ថែមនឹង Bonus Points បានឡើង​ទៅ​វគ្គ ១៦ ក្រុម, ៨ ក្រុម និង ៤ ក្រុម​ទៀត សរុប​បាន​ដល់ ២៨ ពិន្ទុ អ៊ីចឹង​ត្រឹម​ឈ្មោះ Bayern មួយ រក​បាន ២៨ ពិន្ទុ​បណ្ដោះអាសន្ន​ជូន​ទៅ​សមាគម​បាល់ទាត់​អាល្លឺម៉ង់។ គេ​ក៏​នឹង​បូក​ពិន្ទុ​នៃ​ក្លឹប ៦ ផ្សេង​ទៀត​ប្រចាំ​ Bundesliga ដែល​មាន​ឈ្មោះ​មក​ចូលរួម​ពាន​អឺរ៉ុប​រដូវ​កាល ២០២៣/២៤ ហើយ​សរុប​ឃើញ​ប៉ុន្មាន​យក​មក​ចែក​នៃ​ចំនួន​ក្លឹប​ចូលរួម​នោះ​គឺ​ចំនួន ៧ ដូច​បណ្ដោះអាសន្ន​សរុប​មាន ១៨,៣៥៧ ពិន្ទុ ឈរ​លេខ​រៀង​ទី ២ និង​អ៊ីតាលី​មាន ១៩,៤២៨ ពិន្ទុ​ឈរ​លេខ​រៀង​ទី ១។

​ហេតុផល​ដូច​បាន​ឃើញ​នៅ​នឹង​ភ្នែក គឺ​ក្លឹប​មក​ពី​អាល្លឺម៉ង់ ដូច​គ្នា​នឹង​អ៊ីតាលី ធ្វើ​បាន​ល្អ​ច្រើន​តាំង​វគ្គ​ចែក​ពូល​មក​ដល់​វគ្គ​កៀក​បញ្ចប់ ដូច​ពាន​លំដាប់​មួយ​ UCL មាន Dortmund/Bayern Munich ហើយ​ពាន​លំដាប់​ពីរ​មាន Bayer Leverkusen, Atalanta/AS Roma និង​ពាន​លំដាប់​បី​មាន Fiorentina ជា​ដើម ធៀប​នឹង​ក្លឹប​អង់គ្លេស​ធ្លាក់​អស់​សល់​តែ Aston Villa មួយ​ប៉ុណ្ណោះ​ឯង។

ចុងក្រោយ​បង្ហាញ​ ៥ កៅអី​ផ្តល់​ជូន​នៅ UCL រដូវ​កាល​ក្រោយ​សម្រាប់​ខាង​អាល្លឺម៉ង់ មាន Bayer Leverkusen, Bayern Munich, VfB Stuttgart, RB Leipzig និង Borussia Dortmund ហើយ​នៅ​អ៊ីតាលី​មាន Inter Milan, AC Milan ដែល​ធានា​កៅអី រី​ឯ​ ៣ ទៀត​អាច​ជា Juventus, Bologna, AS Roma, Atalanta ឬ Lazio ជា​ដើម៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT