ប្រទះ​ឃើញ​ភ្នាក់ងារ​រត់ការ​របស់ Ramos នៅ​ក្លឹប R.Madrid សង្ស័យ​មក​ចរចា​រឿង​កុងត្រា​ថ្មី

លោក Rene Ramos ដែល​ជា​បងប្អូន​ប្រុស​បង្កើត​ក៏​ដូច​ជា​ភ្នាក់ងារ​រត់ការ​របស់​កីឡាករ Sergio Ramos ត្រូវ​បាន​គេ​ប្រទះ​ឃើញ​វត្តមាន​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ឯ​កីឡដ្ឋាន​របស់​ក្លឹប Real Madrid។

ការ​បង្ហាញ​វត្តមាន​របស់​លោក Rene ទំនង​ជា​មក​ចរចា​រឿង​កុងត្រា​ថ្មី​របស់​ Sergio ព្រោះ​កុងត្រា​សេសសល់​របស់​គេ​ជាមួយ​ក្លឹប មាន​ថេរវេលា​ត្រឹម​រយៈ​ពេល ៦ ខែ​ទៀត​ប៉ុណ្ណោះ ហើយ​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ដំណឹង​ថា​ក្លឹប​ចង់​ផ្តល់​កុងត្រា​ថ្មី​អ្វី​ទាល់​តែ​សោះ។

ជុំវិញ​រឿងរ៉ាវ​នេះ ក៏​មាន​មតិ​ជា​ច្រើន​ហាក់​រិះគន់​ក្លឹប Real Madrid ថា​ទំនង​ជា​ចង់​បោះបង់​កីឡាករ​កាន់​ឆ្នាំ​មួយ​រូប​ទៀត​ហើយ ​ក្រោយ​មិន​ឃើញ​មាន​ការ​អើពើ​ពី​កុងត្រា​ថ្មី។

ប្រភព​ពី​អ្នក​សារព័ត៌មាន​លោក Afredo Duro បាន​សរសេរ​លើ Twitter៖ “សុំ​នរណា​ម្នាក់​មក​ពន្យល់​ថា​ហេតុអ្វី​ដែល​ត្រូវ​ឈាន​មក​ដល់​ចំណុច​នេះ ការ​ដែល​អនុញ្ញាត​ឲ្យ​ប្រធាន​ក្រុម​ក៏​ដូច​ជា​វីរបុរស​មួយ​រូប​ប្រចាំ​ក្លឹប Real Madrid ត្រូវ​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ដែល​អាច​ជជែក​ជាមួយ​ភាគី​ក្លឹប​ដទៃ​បាន​ដោយ​សេរី​នៅ​ពេល​នេះ”។

រំឭក​ថា ប្រសិន​ណា​កុងត្រា​សេសសល់​សុពលភាព​ ៦ ខែ​ អ៊ីចឹង​សំណាក់​កីឡាករ​អាច​ចរចា​ជាមួយ​ភាគី​ក្លឹប​ដទៃ​បាន​នៅ​ខែ​មករា ជា​លក្ខណៈ Pre-Contract សឹម​សម្រេច​ការ​ផ្ទេរ​នៅ​បញ្ចប់​រដូវ​កាល ២០២០/២១៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT