កំណត់ត្រា​ Ronaldo ធ្លាប់​ធ្វើ​បាន​ជាង ១០ ឆ្នាំ​មុន ទី​បំផុត Bruno គាស់​ឡើង​សារ​ជា​ថ្មី​ហើយ

នៅ​ឯ​កីឡដ្ឋាន King Power Stadium នា​ចុង​សប្តាហ៍​នេះ ក្លឹប​កញ្រ្ជោង Leicester City បាន​ចែក​ម្នាក់​ ១ ពិន្ទុ​ស្មើ​ទល់​ក្លឹប​បិសាច​ក្រហម Manchester United។ ជាមួយ​ការ​រក​គ្រាប់​បាល់​ពី​សំណាក់​កីឡាករ Bruno Fernandes និង Marcus Rashford ក៏​នាំ​ឲ្យ​កើត​មាន​កំណត់ត្រា​ធំៗ​ផង​ដែរ។

ជាក់ស្ដែង​ដូច​ជា Rashford បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​លំដាប់​ទី ៣ ដែល​អាច​រក​បាន​គ្រាប់​បាល់​ទី​ ៥០ ឲ្យ United នៅ Premier League។ កីឡាករ​អង់គ្លេស​ធ្វើ​បាន​នៅ​អាយុ ២៣ ឆ្នាំ ៥៦ ​ថ្ងៃ ធៀប​នឹង Cristiano Ronaldo ឈរ​លេខ ២ ធ្វើ​បាន​នៅ​អាយុ ២២ ឆ្នាំ និង ៣៤១ ​ថ្ងៃ ហើយWayne Rooney ឈរ​លេខ ១ ធ្វើ​បាន​នៅ​អាយុ ២២ ឆ្នាំ និង ១៥៧ ​ថ្ងៃ។

រី​ឯ Bruno Fernandes ក៏​បាន​តាម​ស្មើ​កំណត់ត្រា​មួយ​ផ្សេង​ទៀត​របស់ CR7 នោះ​គឺ​ក្លាយ​ជា​កីឡាករ​ព័រទុយហ្គាល់ ដែល​អាច​រក​បាន​ ១០ គ្រាប់/រដូវ​កាល​នៅ Premier League។ កំណត់ត្រា​នេះ Ronaldo ធ្លាប់​ធ្វើ​បាន​នៅ​រដូវ​កាល ២០០៨/០៩ កាល​នោះ​រក​បាន ១៨ គ្រាប់។

បញ្ជាក់​ថា Bruno ត្រូវ​បាន​គេ​ជឿជាក់​នឹង​អាច​បំបែក​កំណត់ត្រា​ច្រើន​ហូរហែ​ផ្សេង​ទៀត​នៅ​ពេល​ខាង​មុខ ព្រោះ​ទម្រង់​លេង​របស់​គេ​ធ្វើ​បាន​ល្អ​ខ្លាំង​តាំង​ពី​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ខែ​កុម្ភៈ មក​ទល់​បច្ចុប្បន្ន។ ចាប់​តាំង​ពី​ការ​ផ្ទេរ​មក United ក្លឹប​រក​បាន​គ្រាប់​បាល់​សរុប ៥៩ ហើយ​មាន​ចំណែក​របស់ Bruno (Goal+Assist) ដល់​ទៅ ៣០ គ្រាប់ ដែល​លើស​ ៥០ ភាគរយ​ទៅ​ហើយ៕

ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT