មិន​ធូរ​រលុង​ទេ! នៅ​ក្លឹប Chelsea កីឡាករ​មក​ហ្វឹកហាត់​យឺត​ម្ដង​ពិន័យ​សឹង​អស់​ឡាន​មួយ

ជា​ទូទៅ​នៅ​គ្រប់​បណ្តា​ក្រុមហ៊ុន​ឬ​ស្ថាប័ន សឹង​គ្រប់​វិស័យ​ទាំង​អស់​គឺ​សុទ្ធ​សឹង​តែ​មាន​ការ​កំណត់​នូវ​ច្បាប់​វិន័យ​ផ្សេងៗ​ពី​គ្នា។ ប៉ុន្តែ​ការ​កំណត់​ទាំង​អស់ សុទ្ធ​តែ​ឈរ​លើ​គោលដៅ​រួម គឺ​ធ្វើ​ដើម្បី​ឲ្យ​បុគ្គលិក​មាន​ការ​គោរព​ដល់​ស្ថាប័ន និង​ផ្ដោត​សំខាន់​លើ​ការងារ​ដែល​ពួក​គេ​ត្រូវ​ធ្វើ។

មិន​ខុស​គ្នា​ពី​ក្នុង​វិស័យ​កីឡា​បាល់ទាត់ នៅ​តាម​បណ្ដា​ក្លឹប​នីមួយៗ​ក៏​មាន​បង្កើត​ច្បាប់​ក្រម​ឬ​វិន័យ​ទៅ​តាម​នោះ​ផង​ដែរ។ បង្វែរ​ទៅ​ក្លឹប​តោ​ខៀវ Chelsea ​កន្លង​ទៅ​នេះ​ក៏​មាន​ការ​បែកធ្លាយ​នូវ​បញ្ជី​ផាក​ពិន័យ​ទៅ​លើ​សំណាក់​កីឡាករ ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Frank Lampard ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា ប្រសិន​កីឡាករ Chelsea ​ណា​ម្នាក់ មក​ហ្វឹកហាត់​យឺតយ៉ាវ​ នោះ​ក្លឹប​នឹង​ផាក​ពិន័យ​ដល់​ជាង ២៦ ០០០ ដុល្លារ ឬ​ប្រហែល​នឹង​តម្លៃ​រថយន្ត​មួយ​គ្រឿង? ត​ទៅ​នេះ​ទំព័រ CTS Sports បង្ហាញ​តម្លៃ​ផាក​ពិន័យ​លើ​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង ៧ នៅ​ក្លឹប​ម្ចាស់ដី Stamford Bridge (បញ្ជាក់៖ ជា​បញ្ជី​ផាក​ពិន័យ​ទៅ​លើ​កីឡាករ​ឈុត​ធំ ហើយ ១ ផោន = ១,៣៤ ដុល្លារ)

  • ករណី​មក​យឺត នៅ​ការ​ប្រជុំ​ក្រុម យឺត​ ១ នាទី​ពិន័យ ៥០០ ផោន
  • ករណី​មក​យឺត​ នៅ​ពេល​ចេញ​ដំណើរ​ទៅ​ចូលរួម​ការ​ប្រកួត ត្រូវ​ពិន័យ​ប្រាក់ ២ ៥០០ ផោន
  • ករណី​មក​យឺត នៅ​ការ​ណាត់​ជួប​ជាមួយ​ក្រុម​គ្រូពេទ្យ ត្រូវ​ពិន័យ​ប្រាក់ ២ ៥០០ ផោន
  • ករណី​មាន​សំឡេង​ទូរសព្ទ​រោទ៍​កំឡុង​ពេល​បរិភោគ​អាហារ​ឬ​ប្រជុំ​ជួបជុំ​ក្រុម ត្រូវ​ពិន័យ​ប្រាក់ ១ ០០០ ផោន
  • ករណី​មិន​ត្រលប់​មក​ចូលរួម​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការ​ប្រកួត ដោយ​មិន​ជូន​ដំណឹង​មុន​រយៈ​ពេល ៤៨ ម៉ោង ទៅ​អ្នកចាត់ការ​ឬ​ជំនួយការ​អ្នកចាត់ការ ត្រូវ​ពិន័យ​ប្រាក់ ៥ ០០០ ផោន
  • ករណី​មក​យឺត ​នៅ​ពេល​ហ្វឹកហាត់ ត្រូវ​ពិន័យ​ប្រាក់ ២០ ០០០ ផោន
  • ករណី​មិន​រាយការណ៍​ពី​ស្ថានភាព​ជំងឺ​ឬ​របួស​ណា​មួយ​មក​កាន់​ក្លឹប ​មុន​រយៈ​ពេល​សុំ​សម្រាក ១ ​ថ្ងៃ ឬ​មុន ១ ម៉ោង ៣០ នាទី​នៃ​ការ​ហ្វឹកហាត់ ត្រូវ​ពិន័យ​ប្រាក់ ១០ ០០០ ផោន
  • បញ្ជាក់​ថា ​ប្រាក់​ដែល​ពិន័យ​នេះ​ត្រូវ​ទូទាត់​ឲ្យ​បាន​មុន​រយៈ​ពេល ១៤ ​ថ្ងៃ មិន​ដូច្នោះ​ទេ​នឹង​គុណ ១ ទ្វេ​ជា ២៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT