ក្រោយបោះជំរំហ្វឹកហាត់មួយរយៈគ្រូបង្វឹកវៀតណាម​រអ៊ូរទាំខ្វះខាតខ្សែប្រយុទ្ធមានគុណភាពក្នុងជម្រើស​ជាតិ

លោក Park Hang-seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមបានសោកស្តាយចំពោះកង្វះខ្សែប្រយុទ្ធដែលមានគុណភាព បន្ទាប់ពីជំរំហ្វឹកហាត់​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ។

កីឡាករសរុបចំនួន ៣៦ នាក់ត្រូវបានកោះហៅខណៈកីឡាករ Phan Van Long របស់​ក្លិប SHB Da Nang គឺ​ជា​កីឡាករ​ថ្មី​តែ​ម្នាក់​គត់​ដែល​មក​បោះ​ជុំរំហ្វឹកហាត់​រហូត​ដល់​ចប់​ខែ​១២​នេះ។ និយាយ​ក្នុង​វេបសាយវៀតណាម​មួយ​លោក Park Hang-Seo ថា៖”

យើងកំពុងខ្វះខាតខ្សែប្រយុទ្ធ។ មូលហេតុចំបងគឺក្លឹបភាគច្រើននៅ V. League ចូលចិត្តប្រើខ្សែប្រយុទ្ធបរទេសប្រមាណជា ៧០-៨០%។ យើងបានព្យាយាមស្វែងរកខ្សែប្រយុទ្ធថ្មីៗ មួយចំនួន ប៉ុន្តែគ្មាននរណាម្នាក់មានគុណភាពលើស ឬស្មើ Nguyen Tien Linh, Nguyen Cong Phuong, និង Ha Duc Chinh ដែលជាខ្សែប្រយុទ្ធ ៣ រូបរបស់យើងនាពេលបច្ចុប្បន្ននេះទេ»។

“ ខ្ញុំបានហៅ (Nguyen Van) Quyet សម្រាប់ការបង្កើតទម្រង់លេងថ្មី។ ខ្ញុំបានចូលរួមទស្សនាការប្រកួតរបស់ Hanoi FC ហើយ Quyet តែងតែមានទម្រង់លេងល្អ។ អ្នកណាលេងបានល្អនៅក្លឹបគេអាចជ្រើសរើសបាន។ ប៉ុន្តែនៅពេលពួកគេធ្វើបាន ពួកគេត្រូវតែបង្ហាញពីសមត្ថភាពរបស់ពួកគេ” ។

ការប្រកួតបន្ទាប់វៀតណាមនឹងធ្វើឡើងនៅខែមីនាឆ្នាំ ២០២១ ដែលពួកគេនឹងប្រកួតជាមួយប្រទេសម៉ាឡេស៊ីក្នុងយុទ្ធនាការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ។ លើស​ពី​នេះ​ពួក​គេ​នឹង​ការពារ​តំណែងមេដាយមាស​ SEA Games របស់​ខ្លួន​ក្នុងឆ្នាំ២០២១ខាងមុខនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT