រង្គោះរង្គើ​ទៀត​ហើយ! Neymar ប្រកាស​ថា​នឹង​ចាប់ដៃ Messi រួម​ក្រុម​តែ​មួយ​នៅ​រដូវ​កាល​ក្រោយ

ក្រោយ​ចប់​ការ​ប្រកួត​យក​ឈ្នះ​ទៅ​លើ Manchester United ៣-១ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Paris Saint-Germain គឺ​កីឡាករ Neymar Jr បាន​និយាយ​នូវ​ពាក្យ​ប៉ុន្មាន​ម៉ាត់ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

កីឡាករ​ប្រេស៊ីល​បាន​សារភាព​ថា​ខ្លួន​មាន​បំណង​ចង់​រួម​អាជីព​ជាមួយ​មិត្ត​ចាស់ Lionel Messi នៅ​រដូវ​កាល​ក្រោយ តែ​ពុំ​បាន​បញ្ជាក់​ច្បាស់​ថា​នឹង​ឈរ​ជើង​ឲ្យ​ក្លឹប​ណា​មួយ​នោះ​ទេ ពោល​មិន​ដឹង​ថា​បន្ត​នៅ PSG ឬ​វិល​ត្រលប់​ទៅ Barcelona សារ​ជា​ថ្មី​ឡើយ។

ខ្សែ​ប្រយុទ្ធ​វ័យ ២៨ ឆ្នាំ​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​នៅ​កីឡដ្ឋាន Old Trafford ថា៖ “អ្វី​ដែល​ខ្ញុំ​ចង់​បាន​ខ្លាំង​បំផុត​នោះ គឺ​ការ​រួម​ក្រុម​ជាមួយ Messi ​និង​រីករាយ​ការ​លេង​ជាមួយ​គាត់​ម្តង​ទៀត”។

Neymar បន្ថែម​ទៀត​ថា៖ “គាត់​អាច​លេង​ជាមួយ​ខ្ញុំ​បាន ហើយ​គាត់​ក៏​គ្មាន​បញ្ហា​អ្វី​នោះ​ដែរ ដោយ​ខ្ញុំ​ច្បាស់​ត្រង់​ចំណុច​ហ្នឹង ហើយ​ការ​ពិត​ទៅ​ខ្ញុំ​ចង់​ចាប់ដៃ​ជាមួយ​គាត់​នៅ​រដូវ​កាល​ក្រោយ​នេះ​ហើយ ដែល​យើង​នឹង​ត្រូវ​ធ្វើ​រឿង​ហ្នឹង​ឲ្យ​បាន”។

បញ្ជាក់​ថា Neymar បាន​ចាយ​ជាង ៤ ឆ្នាំ​នៅ Barcelona ហើយ​កំឡុង​ពេល​នោះ​គេ​រក​បាន ១០៥ គ្រាប់​និង Assist ៧៦ លើក នៅ​ ១៨៦ ប្រកួត។ មុន​សម្រេច​ចិត្ត​ចាកចេញ​ទៅ​ចូលរួម​នៅ PSG នាម​ជា​កីឡាករ​មាន​តម្លៃ​ផ្ទេរ​ខ្ពស់​បំផុត​ដល់​ទៅ ២២២ លាន​អឺរ៉ូ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT