កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ធ្វើជាលើកចុងក្រោយនៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២០

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» លើកទី៦ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលជាកម្មវិធីចុងក្រោយ ក្នុងការបញ្រាបការផ្សព្វផ្សាយចលនាអូឡាំពិក ប្រចាំឆ្នាំ២០២០ និងការផ្សព្វផ្សាយពីចំណេះដឹងក្នុងដំណើរឆ្ពោះទៅ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នៅកម្ពុជា។

លោក ប៊ុយ សុភ័ណ្ឌ អនុប្រធានគ្រប់គ្រងគម្រោងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបញ្ជាក់ថា នៅក្នុងបរិវេណនៃវិទ្យាល័យព្រះសីហនុនេះគឺមានហេដ្ឋារចនាសម្ព័ន្ធកីឡាច្រើន ហើយសិស្សានុសិស្សនៅទីនេះក៏បានយល់ដឹងច្រើនពីវិស័យកីឡា ក៏ដូចជាបានដឹងពីដំណើរការត្រៀមឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) នាឆ្នំា២០២៣ផងដែរ។

អនុប្រធានគ្រប់គ្រងគម្រោងរូបនេះបានបន្ថែមថា សិស្សានុសិស្សនៅទីនេះបានយល់ដឹងច្រើនដែរ ហើយយើងបានពន្យល់បន្ថែម ដើម្បីបញ្រ្ជាបការយល់ដឹងជូនដល់ពួកគាត់ឲ្យកាន់តែយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀត។ «គោលបំណងរបស់យើង គឺបញ្រ្ជាបបន្ថែមនូវអ្វីដែលជា គុណតម្លៃអូឡាំពិក និងចលនាអូឡាំពិក ដែលជាគុណតម្លៃដ៏ សំខាន់ ដែល NOCC ខិតខំផ្សព្វផ្សាយជូនដល់មហាជន ក៏ដូចជាសិស្សានុសិស្ស ទាំង៦កម្មវិធីនៅតាមរាជធានីខេត្តកន្លងមកនេះ»។ NOCC មានផែនការពង្រីកវិសាលភាពនៃកម្មវិធី អប់រំគុណតម្លៃអូឡាំពិក នាឆ្នំា២០២១ ខាងមុខឲ្យកាន់តែធំទូលាយច្រើនសាលារៀន និងការប្រមូលផ្តុំសិស្សានុសិស្សឲ្យច្រើន ទាំងសាលារដ្ឋ និងសាលាឯកជន ដោយសារក្នុងឆ្នាំ២០២០នេះ គឺយើងរៀបចំក្នុងកម្រិតតូចៗ ដើម្បីចូលរួមទប់ស្កាត់វិបត្តិជំងឺកូវីដ-១៩ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ចំណែកឯ លោក ថាវ សុខផល នាយកវិទ្យាល័យព្រះសីហនុបានលើកឡើងថា ថ្វីដ្បិតតែ កម្មវិធីអប់រំគុណតម្លៃអូឡាំពិករបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាត្រូវបានប្រារព្ធធ្វើឡើងជាជាលើកដំបូងនៅវិទ្យាល័យរបស់លោក ប៉ុន្តែវា មានសារៈសំខាន់ក្នុងការពញ្ញាក់ស្មារតីសិស្សានុសិស្សឲ្យខិតខំហ្វឹកហាត់កីឡាទន្ទឹមនឹងការសិក្សា ដែលការលេងកីឡានេះ ហើយដែលនាំឲ្យមានសុខភាពល្អ និងនាំឲ្យមានកិត្តិយសដល់សាលា ក៏ដូចជាកិត្តិយសជាតិយើងផងដែរ។ លោកនាយកវិទ្យាល័យបន្ថែមថា ទីលានបាល់ទាត់នេះត្រូវបានឧបត្ថម្ភពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលក្រាលស្មៅធម្មជាតិ ដើម្បីបណ្តុះបណ្តាលថ្នាលយុវជនឲ្យកាន់តែមានគុណភាពល្អប្រសើរ ហើយក្រៅពីនេះមានទីលានបាល់បោះ បាល់ទះ និងទីលានចូលដុំដែក ដែលធ្វើឲ្យវិទ្យាល័យព្រះសីហនុដណ្តើមបានជ័យលាភីចំណាត់ថ្នាក់ល្អៗ ស្ទើរតែរៀងរាល់ឆ្នាំ នៅក្នុងកម្រិតការប្រកួតសិស្សមធ្យមសិក្សា ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ជាមួយគ្នានោះ លោកនាយកក៏បើកការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការរៀបចំរបស់ NOCC នាពេលខាងមុខជាបន្តបន្ទាប់ទៀត ដើម្បីឲ្យសិស្សានុសិស្ស របស់លោកទទួលបាននូវចំណេះដឹង ការលើកទឹកចិត្ត ការអប់រំ ការចង្អុលបង្ហាញណែនាំឲ្យពួកគាត់កាន់តែមានឆន្ទៈមុះមុត ក្នុងការខិតខំហ្វឹកហាត់កីឡាឲ្យកាន់តែរីកចម្រើបន្ថែមទៀត។ «ក្នុងនាមយើងខ្ញុំជាគណៈគ្រប់គ្រងវិទ្យាល័យ សិស្សានុសិស្សទាំងអស់ យើងខ្ញុំពិតជាមានក្តីរីករាយយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាលសម្រេចទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ហ្គេម ឆ្នាំ២០២៣ ហើយយើងទាំងអស់គ្នាសូមចូលរួមគាំទ្រយ៉ាងពេញទំហឹង និងជួយជំរុញទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឲ្យបានខ្លាំងក្លា ក្នុងការចូលរួមក្នុងដំណើរឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះ កីឡាថ្នាក់តំបន់ជាលើកដំបូងរបស់កម្ពុជាផងដែរ»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT