នាំ​ឲ្យ​ស្គាល់​ពាន Ballon d’Or អាស៊ី ដែល​អ្នកចាត់ការ​កម្ពុជា​លោក Keisuke Honda ធ្លាប់​បាន​ឈ្នះ

ជា​រៀងរាល់​ឆ្នាំ​តែងតែ​មាន​ការ​ចែក​នូវ​ពាន​រង្វាន់​បុគ្គល​ផ្សេងៗ​ពី​គ្នា ហើយ​នៅ​បាល់ទាត់​លំដាប់​ពិភពលោក​អ្នក​គាំទ្រ​ប្រាកដ​ជា​ស្គាល់​នូវ​ពាន​រង្វាន់ Ballon d’Or របស់​ស្ថាប័ន France Football។

 

ដោយ​ឡែក​បើ​ក្រឡេក​មក​ក្នុង​តំបន់​អាស៊ី​របស់​យើង​ឯ​ណេះ​វិញ ចាប់​តាំង​ពី​ឆ្នាំ ២០១៣ រៀង​មក ស្ថាប័ន Titan Sports ក៏​បាន​បង្កើត​ឡើង​នូវ​ពាន​រង្វាន់​បុគ្គល​សម្រាប់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីប​មួយ​ផង​ដែរ។ ពាន​នោះ​ឲ្យ​ឈ្មោះ​ថា “Best Footballer in Asia” ឬ​គេ​និយម​ហៅ​ថា “Ballon d’Or អាស៊ី” ប្រគល់​ជូន​កីឡាករ​អាស៊ី​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​នីមួយៗ។

ការ​បោះឆ្នោត​ជ្រើសរើស​អ្នក​ឈ្នះ គឺ​ធ្វើ​ឡើង​ដោយ​ស្ថាប័ន​សារព័ត៌មាន​នៅ​ក្នុង​តំបន់​អាស៊ី និង​មួយ​ផ្នែក​ផ្សេង​ទៀត​ពី​ស្ថាប័ន​សារព័ត៌មាន​ក្រៅ​តំបន់ (Non-AFC)។ ពួក​គេ​មាន​សិទ្ធ​ធ្វើ​ការ​ជ្រើសរើស​កីឡាករ​ ៥ រូប​ដែល​គិត​ថា​ល្អ​បំផុត ហើយ​ដាក់​ពិន្ទុ​ទៅ​តាម​ចំណាត់ថ្នាក់​ដោយ​អ្នក​លេខ ១ បាន ៦ ពិន្ទុ និង​អ្នក​បន្ទាប់​ដេញ​ពិន្ទុ​គ្នា​ពី ៤,៣,២ និង ១។

ពាន​រង្វាន់​បុគ្គល​មួយ​នេះ នៅ​ពេល​ដែល​ប្រកាស​ឲ្យ​ដំណើរការ​លើក​ដំបូង គឺ​នៅ​ឆ្នាំ ២០១៣ អ្នក​ឈ្នះ​បាន​ទៅ​លើ​អតីត​កីឡាករ​ Keisuke Honda ដែល​បច្ចុប្បន្ន​លោក​ជា​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។ នៅ​ឆ្នាំ​នោះ​ Honda បម្រើ​ការ​ឲ្យ​ក្លឹប CSKA Moscow នៅ​ប្រទេស​រុស្ស៊ី ហើយ​ទទួល​បាន​សំឡេង​គាំទ្រ​រួម ១៣,៩ ភាគរយ។

លុះ​ឆ្នាំ​ក្រោយៗ​បន្ត​មក​ទៀត Son Heung-min បាន​វ៉ៃ​ផ្តាច់​ដល់​ទៅ ៥ ឆ្នាំ​ម្នាក់​ឯង ហើយ​ឈ្នះ ៣ ឆ្នាំ​ជាប់​គ្នា​រាប់​ចាប់​ពី​ឆ្នាំ ២០១៧,២០១៨ និង ២០១៩ ខណៈ​នៅ​ឆ្នាំ ២០១៦ Son ឈរ​នៅ​លេខ ៣ រី​ឯ​អ្នក​លេខ​ ១ បាន​ទៅ​លើ​កីឡាករ​ជប៉ុន Shinji Okazaki របស់​ក្លឹប Leicester City៕

ប្រភព៖ Wikipedia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT