Lampard ប្រាប់​មូលហេតុ​ដែល​មិន​ដាក់ Thiago Silva ​ឲ្យ​ចូល​លេង​ពេល​ប៉ះ Newcastle យប់មិញ

អ្នកចាត់ការ​លោក Frank Lampard ពុំ​បាន​ដាក់ Thiago Silva ឲ្យ​ជួយ​ក្រុម​នៅ​តំបន់​ការពារ​កាល​ពី​យប់​មិញ​ទេ សម្រាប់​ជ័យជម្នះ​ទល់ Newcastle United។ ក្រោយ​ចប់​ការ​ប្រកួត​លោក​បាន​ប្រាប់​មូលហេតុ​ដ៏​សមរម្យ​មួយ នោះ​គឺ​ចង់​ដាក់​ឲ្យ​កីឡាករ​ប្រេស៊ីល​សម្រាក​ឲ្យ​ស្រួលបួល​បន្តិច​សិន។

ខ្សែ​ការពារ​វ័យ ៣៦ ឆ្នាំ បាន​ចូលរួម​ជួយ​ជម្រើស​ជាតិ​ប្រេស៊ីល​ ២ ប្រកួត ហើយ​បាន​ហោះ​ត្រលប់​មក​វិញ​យ៉ាង​តក់ក្រហល់​ដើម្បី​ជួយ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង ពោល​គឺ​មុន​ការ​ប្រកួត​រយៈ​ពេល ២ ថ្ងៃ។

Lampard និយាយ​បែប​នេះ​ថា៖ “គេ [Silva] បាន​ហោះ​ចេញ​ពី​ទឹកដី​អាមេរិក​ខាង​ត្បូង ដែល​ជា​ការ​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​មួយ ហើយ​ទើប​តែ​មក​ដល់​ទីក្រុង​ឡុង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដោយ​ខ្ញុំ​គិត​ថា​វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ឆ្លាតវៃ​មួយ”។

លោក​បន្ត៖ “យើង​មាន​កីឡាករ មាន​ប្រព័ន្ធ​កីឡាករ​រួចរាល់​ហើយ ដោយ​ណា​មួយ​យើង​មាន Toni Rudiger អាច​ចូល​លេង​បាន ពោល​គឺ​យើង​ចង់​ឲ្យ​កីឡាករ​អាច​មក​ចូលរួម​ក្នុង​ប្រកួត​នីមួយៗ​ដោយ​រក្សា​នៅ​កម្រិត​ដ៏​ខ្ពស់​មួយ​ដដែល”។

បញ្ជាក់​ថា Chelsea បាន​យក​ឈ្នះ​ទៅ​លើ​ម្ចាស់ផ្ទះ Newcastle ក្រោម​លទ្ធផល​ ០-២ ហើយ​យក​បាន ៣ ពិន្ទុ​ហក់​ឡើង​លេខ​ ២ នៅ​តារាង​លីគ​កំពូល Premier League៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT