ឯកឧត្តម វ៉ាត់ ចំរើន បង្ហាញខ្លឹមសារសំខាន់ៗ នៃកិច្ចប្រជុំស្តីពីស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) បានជម្រាបជូនថា ឯកឧត្តមបានចូលរួមកិច្ចប្រជុំអនឡាញជាមួយក្រុមប្រឹក្សាកីឡាស៊ីហ្គេម ឬហៅថា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ រយៈពេលពីរថ្ងៃ (១៩-២០វិច្ឆិកា) ដែលមានតំណាងនៃបណ្តាប្រទេសសរុបទាំង១១នៃសមាជិកស៊ីហ្គេម ស្តីពីការត្រៀមការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលគ្រោងនឹងប្រារព្ធធ្វើចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តមអគ្គលេខាធិការ NOCC វ៉ាត់ ចំរើន បានបង្ហាញនូវខ្លឹមសារសង្ខេបសំខាន់ៗនៃកិច្ចប្រជុំថ្នាក់តំបន់នេះដូចតទៅ៖
ដោយទទួលបានការណែនាំឲ្យយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិត ថោង ខុន ប្រធាន NOCC គឺយើងតែងតែបានធ្វើការតាមដានជាប់ជានិច្ចជាមួយនឹងសហគមន៍អន្តរជាតិ ជាពិសេសគឺវិស័យកីឡាក្នុងតំបន់អាស៊ីអាគ្នេយ៍ បើទោះបីជាស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ក៏ប៉ុន្តែសកម្មភាពការងាររបស់យើងលើកិច្ចការដឹកនាំ គ្រប់គ្រងនៅតែមាននិរន្តរភាពជាប់ជាប្រចាំដដែល។ តាមការចង្អុលបង្ហាញនេះហើយ ទើបធ្វើឲ្យអូឡាំពិកកម្ពុជា បន្តធ្វើកិច្ចការយ៉ាងសកម្មទៅលើការប្រមូលផ្តុំ ត្រៀមចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ក៏ដូចជាគម្រោងនៃការផ្ទេរសិទ្ធិនៃការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ របស់កម្ពុជាបន្តពីម្ចាស់ផ្ទះ វៀតណាម។

កិច្ចប្រជុំនេះក៏បានផ្តោតសំខាន់ផងដែរទៅលើកិច្ចការរួមគ្នា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការប្រយុទ្ធប្រឆាំងរបស់កីឡាករ កីឡាការិនីចំពោះកូវីដ-១៩ នៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោកផងដែរ។ យោងតាមស្មារតីរបស់គណៈកម្មការអូឡាំពិកអន្តរជាតិបានឲ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកនៃបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏បានធ្វើតាមការណែនាំក្នុងការចូលរួមចំណែកថែរក្សាសុខភាពឲ្យបានរឹងមាំរបស់កីឡាករ កីឡាការិនី។ អូឡាំពិកអន្តរជាតិបានឲ្យកីឡាករ កីឡាការិនីហ្វឹកហាត់ដោយខ្លួនឯង ទាំងកម្លាំងចិត្ត ទាំងកម្លាំងកាយ នៅក្នុងការធ្វើលំហាត់ប្រាណកីឡានៅតាមទីតាំងសុវត្ថិភាព នៅតាមផ្ទះរៀងៗខ្លួន ប្រសិនបើប្រទេសនោះមានការរីករាលដាលជំងឺកូវីដ១៩ខ្លាំង ដោយកុំឲ្យបោះបង់ចោលការហ្វឹកហាត់របស់ខ្លួន។

កិច្ចប្រជុំផ្តោតសំខាន់ផងដែរទៅលើការជួយសម្របសម្រួលគ្នាដល់ម្ចាស់ផ្ទះ ស៊ីហ្គេម ក៏ដូចជាការត្រៀមលក្ខណៈលើការហ្វឹកហាត់ ត្រៀមចូលរួមប្រកួតប្រជែង នីតិវិធីនៃការចុះឈ្មោះចូលរួមប្រកួតឲ្យបានត្រឹមត្រូវតាមបទដ្ឋានរដ្ឋបាលកីឡា។ សមាជិកទាំង១១នៃស៊ីហ្គេម ក៏បានលើកឡើងនូវសំណូមពរនៃការដាក់បញ្ជូលប្រភេទកីឡាមួយចំនួន ទៅក្នុងស៊ីហ្គេម នៅវៀណាម ឆ្នាំ២០២១ និងត្រៀមដាក់បញ្ជូលក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ដូច្នេះ ម្ចាស់ផ្ទះមានសិទ្ធិក្នុងការសម្រចចុងក្រោយ ហើយសមាជិកមានសិទ្ធិស្នើសុំលើប្រភេទកីឡាណាដែលមានសក្តានុពល ឬប្រភេទកីឡាអូឡាំពិក។ ចំណែកឯកម្ពុជាក៏បានតវ៉ា និងសំណូមពរជាច្រើន ដែលការតវ៉ានេះតាំងពីពេលមុន រហូតដល់បច្ចុប្បន្នឃើញថា កម្ពុជាយើងមានមោទនភាពដោយទទួលបានជោគជ័យលើការតវ៉ារបស់ខ្លួនបានមួយចំនួន និងមួយចំនួនទៀតលើសំណូមពរនៃការបញ្ជូល ប្រភេទកីឡាខ្លះមិនទាន់បាននៅឡើយ។ ប្រភេទកីឡាសក្តានុពលរបស់កម្ពុជា គឺកីឡាជឺជីតស៊ូ ដែលកម្ពុជាស្នើសុំដាក់បញ្ជូលក្នុងស៊ីហ្គេម ២០២១ នៅវៀតណាម កាលពីពាក់កណ្តាលឆ្នាំ២០២០ ពេលនេះគេសម្រេចដាក់បញ្ជូលប្រភេទកីឡានេះហើយ ខណៈប្រភេទកីឡាសក្តានុពលរបស់កម្ពុជា ដូចជា សូហ្វតិន្នីស ម៉ូតូទឹកមិនទាន់អនុម័តនៅឡើយ។ ទោះយ៉ាងនេះក្តី ឃើញថា ប្រភេទកីឡាសក្តានុពលខ្លាំងភាគច្រើនរបស់កម្ពុជា ត្រូវបានដាក់បញ្ជូលក្នុងស៊ីហ្គេម ឆ្នាំ២០២១រួចហើយ ដូចជាវ៉ូវីណាម ប៉េតង់ ប៉ុន្តែអ្វីដែលសំខាន់ គីម្ចាស់ផ្ទះ វៀតណាម មិនដាក់ទាំងអស់នៃវិញ្ញាសាតាមអន្តរជាតិនោះទេ ដែលកម្ពុជាបានតវ៉ាផង និងស្នើសុំផង ដោយឲ្យត្រួតពិនិត្យឡើងវិញនៃវិញ្ញាសាប្រកួតឲ្យបានច្រើននៃប្រភេទកីឡាវ៉ូវីណាម និងប៉េតង់ ស្របទៅតាមនិយាមបច្ចេកទេស ឬស្តង់ដាបទបញ្ជាការប្រកួតអន្តរជាតិ។

រីឯប្រដាល់គុនខ្មែរក៏បានដាក់បញ្ជូលរួចហើយដែរ ដែលសូមគោរពជម្រាបជូនថា កម្ពុជាពិតជាមានមោទនភាព ដែលម្ចាស់ផ្ទះវៀតណាមបានទទួលស្គាល់ និងឯកភាពឲ្យរៀបចំការប្រកួត «មួយ» ឬ «គុនខ្មែ» ដែលការប្រកួតស៊ីហ្គេម នៅវៀតណាមនេះ បានផ្តល់សិទ្ធិដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាគុនខ្មែរអាស៊ីរួមដៃគ្នាក្នុងការរៀបចំការប្រកួតនេះ។ ក្នុងនាមខ្ញុំជាប្រធានកីឡាគុនខ្មែរអាស៊ី គឺជាអ្នកទទួលខុសត្រូវក្នុងការរៀបចំការប្រកួតនេះ ដែលជាសញ្ញាណល្អ សម្រាប់កម្ពុជាយើងក្នុងការចួលរួមប្រកួតប្រជែងមេដាយលើប្រភេទកីឡាគុនខ្មែរ ឬ គុនមួយនេះ ហើយខ្ញុំគឺជាប្រធានរៀបចំដឹកនាំលើប្រភេទកីឡាមួយនេះ ក្នុងស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាមតែម្តង។

ក្រៅពីនេះ សមាជិកនៃកិច្ចប្រជុំបានជជែកដេញដោលអំពីការស្នើធ្វើវិសោធនកម្មធម្មនុញ្ញស៊ីហ្គេម លើផ្នែកមួយចំនួន ក្នុងការដាក់បញ្ជូល ប្រភេទកីឡាមួយចំនួន ដូចជាកីឡាយុទ្ធគុន បញ្ជូលទៅក្នុងចំណាត់ថ្នាក់ទី៣ ដើម្បីផ្តល់ភាពងាយស្រួលដល់ពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ យើងអាចដាក់ចូលនូវយុទ្ធគុនចម្រុះនេះ ដែលក្នុងនោះ យើងបញ្ជូលគុនល្បុក្កតោ ឬក្បាច់គុនរបស់យើងផ្សេងៗទៀត ដែលការទទួលធ្វើម្ចាស់ផ្ទ គឺជាឱកាសដ៏សំខាន់បំផុត ក្នុងការបញ្ជ្រាបការផ្សព្វផ្សាយក្បាច់គុនអត្តសញ្ញាណជាតិរបស់យើងកាន់តែទូលំទូលាយ។

យើងឃើញថា ម្ចាស់ផ្ទះវៀតណាម ដែលជាប្រធានស៊ីហ្គេម ឆ្នាំ២០២១ បានបញ្ជាក់ឡើងវិញអំពីប្រទេសដែលនឹងត្រូវទទួលធ្វើជាប្រធានស៊ីហ្គេមរបស់កម្ពុជា នាឆ្នាំ២០២៣ ជាបន្តបន្ទាប់ ហើយក្នុងនោះកម្ពុជានឹងធ្វើរបាយការណ៍សង្ខេបអំពីសកម្មភាព វឌ្ឍនភាពការងាររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ជូនទៅដល់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ហើយសមាជិកនានានៃស៊ីហ្គេមបានបង្ហាញការកោតសរសើរចំពោះ CAMSOC ដែលកំពុងតែខិតខំយ៉ាងខ្លាំង លើការរៀបចំស៊ីហ្គេម ២០២៣នេះ តាំងពីដើមរហូតដល់ពេលនេះ ដែលយើងទទួលបាននូវសមិទ្ធផលជាច្រើនដូចជា ស្លាកសញ្ញា និមិត្តសញ្ញា បាវចនា និងការរៀបចំប្រភេទកីឡារបស់ខ្លួន ព្រមទាំងដំណើរការនៃគណៈកម្មការជំនាញនានារបស់ CAMSOC។ សមាជិកស៊ីហ្គេមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា រីឯម្ចាស់ផ្ទះ ស៊ីហ្គេម បន្តលើកទី៣៣ នាឆ្នាំ២០២៥ គឺប្រទេសថៃ ដែលគណៈកម្មាធិការជាតិអូឡាំពិកថៃ បានទទួលភ្លើងខៀវរួចហើយពីរដ្ឋាភិបាលរបស់ខ្លួនថានឹងទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នំា២០២៥ ហើយដល់ឆ្នាំ២០២៧ ដល់វេនប្រទេសប្រ៊ុយណេ។ ជារួម នៅក្នុងឱកាសចុងក្រោយនៃកិច្ចប្រជុំ បណ្តាប្រទេសនានាប្តេជ្ញាចិត្តថា នឹងជួយជ្រោមជ្រែងដល់ការរៀបចំធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នាឆ្នាំ២០២៣ ដែលជាការទទួលធ្វើម្ចាស់ផ្ទះជាលើកដំបូងឲ្យទទួលបានជោគជ័យ ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT