Suarez សុខ​ចិត្ត​ត្រលប់​មក Barcelona វិញ បើ​ក្លឹប​ព្រម​ធ្វើ​តាម​នូវ​រឿង​មួយ​នេះ

តាម​របាយការណ៍​ពី TV3 បាន​ចុះ​ផ្សាយ​ថា​ Luis Suarez ក៏​មាន​ចិត្ត​ចង់​​វិល​ត្រលប់​មក​កាន់​ក្លឹប Barcelona វិញ​ផង​ដែរ ប៉ុន្តែ​លុះត្រា​ណា​តែ​ភាគី​ក្លឹប​ចាស់​របស់​ខ្លួន​ព្រម​ផ្តល់​ជូន​កុងត្រា​ថ្មី​រយៈ​ពេល ៤ ឆ្នាំ ពោល​គឺ​រហូត​ដល់​គេ​មាន​អាយុ ៣៧ ឆ្នាំ។ យ៉ាងណាមិញ​ប្រភព​ដដែល​បាន​សង្កត់​ធ្ងន់​ថា ភាគី​ខាង​អ្នក​មាន​បុណ្យ​ទំនង​ជា​មិន​យល់​ព្រម​នោះ​ទេ។

កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ បាន​ចាកចេញ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន ក្រោយ​ពី Barca ទូទាត់​លើ​ខ្ទង់​ចំណាយ​សម្រាប់​កុងត្រា​នៅ​សល់។ ការ​មក​ចូលរួម​នៅ Atletico Madrid ត្បិត​បើ​ឆ្លង​កាត់​ទើប​តែ​រយៈ​ពេល​ខ្លី តែ​កីឡាករ​វ័យ ៣៣ ឆ្នាំ​នៅ​តែ​បង្ហាញ​ឲ្យ​រាល់​គ្នា​ឃើញ​ថា គេ​នៅ​តែ​មាន​គុណភាព ជា​ពិសេស​ការ​បញ្ចប់​ទី​រក​គ្រាប់​បាល់។

បញ្ជាក់​ថា Suarez បាន​ចាយ​ពេល ៥ រដូវ​កាល​នៅ​ក្លឹប​យក្ស​ក្នុង​តំបន់​កាតាឡាន់។ ចន្លោះ​ពេល​នោះ​គេ​រក​បាន ១៩៦ គ្រាប់ និង​ឈ្នះ​ពាន​រង្វាន់​ដល់​ទៅ ១៥ ឯ​ណោះ។ ថ្មីៗ​នេះ​គេ​ទើប​តែ​តេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ COVID-19 ដែល​រំពឹង​នឹង​ត្រូវ​ខកខាន​ការ​លេង​ឲ្យ At​ ​នៅ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT