ការប្រកួតកីឡាទ្រីយ៉ាត្លុងជើងឯកថ្នាក់ជាតិ នៅខេត្តកែបលើកទៅខែធ្នូ

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាប្រកាសពន្យាពេលនៃការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នៅខេត្តកែប ដែលគ្រោងធ្វើនាចុងខែវិច្ឆិកានេះត្រូវលើកពេលទៅប្រកួតនាអំឡុងពាក់កណ្តលខែធ្នូ ឆ្នាំ២០២០វិញ ដោយសារតែអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ក៏ដូចជារួមគ្នាបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា។
លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបញ្ជាក់ថា ការលើកពេលនេះ គឺដោយសារតែសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាអនុវត្តិតាមវិធានការការពារជំងឺកូវីដ-១៩ឲ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជារួមគ្នាបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា។ អគ្គលេខាធិការរូបនេះបន្ថែមថា ដើម្បីអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងស្របតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការការពារជំងឺកូវីដ-១៩ ទើបសហព័ន្ធគ្រោងនឹងរៀបចំការប្រកួតដោយកំណត់ចំនួនកីឡាករកីឡាការិនីចូលរួមមានចំនួនតិចជាងឆ្នាំមុនៗ ប៉ុន្តែជាកីឡាករ កីឡាការិនី ដែលមានសមត្ថភាពខ្ពស់ៗ។
លោកបញ្ជាក់ទៀតថា ការកំណត់ចំនួនបែបនេះ គឺយើងចង់បានគុណភាព ព្រោះពេលវេលាកាន់តែខើចទៅ សម្រាប់គោលដៅឆ្ពោះទៅចូលរួមប្រកួតប្រជែង ក្នុងស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដូច្នោះយើងចាំបាច់សម្រិតសម្រាំងរកកីឡាករកីឡាការិនីខ្លាំងៗមានសមត្ថភាព និងគុណភាពខ្ពស់យកមកហ្វឹកហាត់ត្រៀមចូលរួមប្រជែង។
លោក ងិន សុខបញ្ញា បន្ថែមថា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ សហព័ន្ធនឹងផ្តល់ឱកាសជូនដល់ លោកគ្រូ អ្នកគ្រូជាគ្រូបង្វឹក ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនៅខេត្តកែប កាលពីខែតុលា ឆ្នាំ២០២០ឲ្យចូលរួមជួយរៀបចំការប្រកួតឲ្យទទួលបានបទពិសោធន៍កាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺឲ្យគ្រូបង្វឹកនៅខេត្តកែប ទាំងនោះទទួលបានជំនាញ សម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់ឲ្យប្រភេទកីឡាទ្រីយ៉ាត្លុងនេះរៀបចំ នៅខេត្តកែបនេះតែម្តង ដែលខេត្តមួយនេះអំណោយផលល្អដល់វិស័យកីឡាទ្រីយ៉ាត្លុង ដែលត្រូវហែលទឹក ជិះកង់ និងរត់៕
(រូបភាពឯកសារការប្រកួតជើងឯកថ្នាក់ជាតិទ្រីយ៉ាត្លុង ២០១៩ របស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា)
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT