ខ្សែបម្រើ Toni Kroos បានស្ដីបន្ទោសទៅខាង FIFA និង UEFA ដែលបានរៀបចំការប្រកួតញឹកខ្លាំងពេក ធ្វើឱ្យកីឡាករម្នាក់ៗមមាញឹកខ្លាំងមែនទែន និងមានបញ្ហារបួសច្រើន។FIFA បានបង្កើតពានរង្វាន់ FIFA Club World Cup ដើម្បីឱ្យមានការប្រកួតជារៀងរាល់ឆ្នាំសម្រាប់ក្រុមជើងឯកតាមទ្វីបនីមួយៗ។ ស្របពេលខាង UEFA វិញទើបតែបង្កើតពានពានរង្វាន់ UEFA Nations League មួយទៀត អំឡុងពេលពួកគេមានការប្រកួតមិត្តភាពទៅហើយនោះ។
ការបង្កើតពានរង្វាន់ជាប់រហូតនេះ ពិតជាល្អសម្រាប់សហព័ន្ធបាល់ទាត់ធំៗ ដើម្បីស្វែងរកបា្រក់ ប៉ុន្តែវាមានឥទ្ធិពលមិនល្អឡើយសម្រាប់កីឡាករ ដែលមិនមានពេលសម្រាកគ្រប់គ្រាន់។Toni Kroos កីឡាករអាល្លឺម៉ង់បានចេញមុខរិះគន់ចំថាសហព័ន្ធបាល់ទាត់ធំទាំងពីរខាងលើ បានចាត់ទុកកីឡាករដូចជាតុក្កតាដើម្បីលេងអីចឹង។
ពួកគេមិនបានខ្វល់ពីកីឡាករណាម្នាក់ឡើយ នៅពេលបង្កើតកម្មវិធីប្រកួតញឹកគ្នាយ៉ាងនេះ។ វាបានធ្វើឱ្យកីឡាករជាច្រើនរងរបួស និងមានបញ្ហា ដោយសារតែការប្រកួតជាប់គ្នានេះ៕
ប្រភព៖ DailyMail