Sergino Dest៖ “សហរដ្ឋអាមេរិក​មាន​សង្ឃឹម​ឈ្នះ World Cup ឆ្នាំ ២០២៦”

យុវជន​ស្រករ​ក្រោយ Sergino Dest របស់​សហរដ្ឋអាមេរិក ដែល​ទើប​តែ​សម្រេច​ការ​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប​ Barcelona បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ជម្រើស​ជាតិ​របស់​ខ្លួន​នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការ​ឈ្នះ​ពាន​ពិភពលោក FIFA World Cup នា​ឆ្នាំ ២០២៦។

សម្រាប់​ការ​ប្រកួត​ World Cup ដែល​វិល​ជុំ​ធ្វើ​ឡើង ៤ ឆ្នាំ​ម្តង និង​ត្រលប់​មក​វិញ​សារ​ជា​ថ្មី​នៅ​ឆ្នាំ ២០២២ ក្នុង​ប្រទេស​កាតា។ សម្រាប់​ជម្រើស​ជាតិ​អាមេរិក​នៅ​រយៈ​ពេល​ចុង​ក្រោយ មាន​យុវជន​ឡើង​ជើង​ជា​ច្រើន ជាក់ស្តែង​ក្រៅ​ពី Dest ក៏​មាន Christian Pulisic ខ្សែ​ប្រយុទ្ធ​របស់ Chelsea, Giovanni ខ្សែ​បម្រើ​របស់ Dortmund និង Weston McKennie ខ្សែ​បម្រើ​របស់ Juventus ជា​ដើម។

ប្រាប់​សារព័ត៌មាន ESPN កីឡាករ Dest និយាយ៖ “ខ្ញុំ​ចង់​មាន​ន័យ​ថា​បាល់​មូល ដោយ​ជា​ការ​ពិត​ពួក​យើង​តែងតែ​មាន​ឱកាស តែ​ខ្ញុំ​យល់​ឃើញ​ថា​នៅ​ឆ្នាំ ២០២៦ ឱកាស​របស់​យើង​នឹង​មាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ព្រោះ​យើង​មាន​កីឡាករ​វ័យ​ក្មេង​ជា​ច្រើន​ក្នុង​ក្រុម ហើយ​ខ្ញុំ​គិត​ថា​យើង​នឹង​ទាញ​បាន​បទពិសោធន៍​ពី World Cup ឆ្នាំ ២០២២”។

គេ​បន្ថែម​ទៀត​ថា៖ “ខ្ញុំ​គិត​ថា​អ្នក​រាល់​គ្នា​កំពុង​ទទួល​បាន​ការ​បំផុស​ទឹកចិត្ត​បន្ថែម​ទៀត ហើយ​យើង​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ជា​ទី​បំផុត ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​វា​ជា​ការ​លេង​ក្នុង​ប្រទេស​របស់​យើង”។

បញ្ជាក់​ថា សម្រាប់​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ គឺ​មាន​ប្រទេស​ ៣ ធ្វើ​ជា​ម្ចាស់ផ្ទះ មាន​ដូច​ជា​នៅ​កាណាដា ម៉ិកស៊ីកូ និង​សហរដ្ឋអាមេរិក៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT