(វីដេអូ) នេះ​គ្រាប់​បាល់​ល្បឿន​លឿន​បំផុត​ទាំង ៥ មាន​មួយ​ស្ទុះ​ដល់​ ២២០ គ.ម/ម៉

កំណត់ត្រា​នៃ​ការ​ស៊ុត​បាល់​ក្នុង​ល្បឿន​លឿន​បំផុត ជឿ​ថា​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ដឹង​យូរ​ណាស់​មក​ហើយ ជា​ពិសេស​គឺ​អ្នក​ដែល​និយម​ទស្សនា​វីដេអូ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​នៅ​លើ​ទំព័រ CTS Sports។

តើ​អ្នក​គិត​ថា​កីឡាករ​រូប​ណា ជា​អ្នក​បំបែក​កំណត់ត្រា​ខាង​លើ ហើយ​មួយ​ជើង​ដែល​គេ​ស៊ុត​ចេញ​នោះ​មាន​ល្បឿន​ប៉ុន្មាន​គីឡូម៉ែត្រ/ម៉ោង? ជា​ទូទៅ​គ្រាប់​បាល់​ប្រភេទ​នោះ គឺ​កម្រ​មាន​អ្នកចាំទី​ណា​សង្រ្គោះ​បាន​ខ្លាំង​ណាស់ ហើយ​ភាគ​ច្រើន​គឺ​ពួក​គេ​ឈរ​ធ្មឹង​មិន​ដឹង​ថា​បាល់​ចូល​ទី​តាំង​ពី​ពេល​ណា​ក៏​មាន។

បើ​តាម​របាយការណ៍​ពី​គេហទំព័រ Sportszion យើង​ធ្វើ​ការ​បង្ហាញ​នូវ​គ្រាប់​បាល់​លឿន​លឿន​បំផុត​ទាំង ៥ ដូច​ត​ទៅ ប៉ុន្តែ​មាន​មួយ​ស៊ុត​ទៅ​ប៉ះ​នឹង​របា​ទី៖

៥) David Hirst ជា​កីឡាករ​របស់​ក្លឹប Sheffield Wenesday ដោយ​កាល​នោះ​គឺ​លេង​ត​ទល់​ក្លឹប Arsenal នៅ​រដូវ​កាល ១៩៩៥/៩៦ ក្នុង​ក្របខ័ណ្ឌ Premier League។ គេ​បាន​យារ​ជើង​ស៊ុត​មួយ​ទំហឹង ក្នុង​ល្បឿន​ ១៨៣ គ.ម/ម៉ ប៉ុន្តែ​សោកស្ដាយ​បាល់​ត្រឹម​ហោះ​ទៅ​បុក​របា​ទី​មួយ​ទំហឹង​និង​ខ្ទាត​ត្រលប់​មក​វិញ។

៤) Ronald Koeman កាល​ពី​រដូវ​កាល​ឆ្នាំ ១៩៩២ អតីត​ខ្សែ​ការពារ​របស់ Barcelona រូប​នេះ បាន​ស៊ុត​បាល់​ Free Kickល្បឿន ១៨៨ គ.ម/ម៉ បញ្ចូល​ទី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ European Cup បាន​យ៉ាង​ល្អ ពេល​លេង​ទល់​ក្លឹប Sampdoria។ លទ្ធផល​បញ្ចប់​ ៩០ នាទី​អ្នក​មាន​បុណ្យ​បាន​យក​ឈ្នះ ១-០ តាម​រយៈ​គ្រាប់​បាល់​របស់​អ្នកចាត់ការ​បច្ចុប្បន្ន​ខាង​លើ។

៣) Steven Reid អតីត​កីឡាករ​របស់​ក្លឹប Blackburn Roversបាន​ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​រង្គោះរង្គើ​ជា​ខ្លាំង​នៅ​កំឡុង​ចុង​ខែ​ធ្នូ ឆ្នាំ ២០០៥ តាម​រយៈ​ការ​ស៊ុត​បាល់​ក្រៅ​ប្រអប់​ ក្នុង​ល្បឿន​កប់​ពពក​ ១៨៩ គ.ម/ម៉។ កាល​នោះ​ក្លឹប Blackburn បាន​យក​ឈ្នះ​លើ Wigan Athleticក្នុង​លទ្ធផល ៣-០។

២) Arjen Robben ​ដែល​ធ្លាប់​ចាយ​ពេល​នៅ​ក្លឹប Real Madrid ចន្លោះ​ឆ្នាំ ២០០៧ ដល់ ២០០៩ មាន​គ្រាប់​បាល់​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចងចាំ​បំផុត គឺ​កំឡុង​ការ​ប្រកួត​មិត្តភាព​ទល់​ក្លឹប Borussia Dortmund ដែល​កាល​នោះ កីឡាករ​ហូឡង់​ស៊ុត​បាល់​ក្នុង​ល្បឿន ១៩០ គ.ម/ម៉ ដែល​រុញ​ឲ្យ​ឈ្មោះ​របស់​លោក​ឈរ​នៅ​លេខ​រៀង​ទី ២ ក្នុង​កំណត់ត្រា​ដ៏​អស្ចារ្យ​នេះ។

១) Ronny Heberson បាន​ចារ​ឈ្មោះ​ក្នុង​កំណត់​ប្រវត្តិសាស្រ្ត​មក​ទល់​ពេល​បច្ចុប្បន្ន ហើយ​មិន​ទាន់​មាន​នរណា​ជំនួស​តំណែង​របស់​លោក​នៅ​ឡើយ។ កំឡុង​ពេល​រួម​អាជីព​នៅ​ក្លឹប Sporting ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​បាន​ស៊ុត​បាល់ Free Kick ល្បឿន​លឿន​ដូច​ព្យុះ​ប្រមាណ ២២០ គ.ម/ម៉ ដែល​មាន​មតិ​ខ្លះ​ហៅ​បាល់​នោះ​ថា ជា​បាល់​ខ្មោច ព្រោះ​វា​បាន​ឆ្ពោះ​ចេញ​ពី​ជើង​ក្នុង​ល្បឿន​លឿន​ពេក ល្មម​ភ្នែក​អ្នក​គាំទ្រ​ខ្លះ​មើល​សឹង​តែ​មិន​ចង់​ទាន់៕

ប្រភព៖ Sportszion

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT