អ្នកចាត់ការក្លឹបតោខៀវ Chelsea បាននិយាយក្រោយចប់ការប្រកួតថា រឿងអ្នកទទួលបន្ទុកស៊ុតបាល់ប៉េណាល់ទីនៅ Chelsea គឺសម្រេចផ្លាស់ប្តូរពី Jorginho មក Timo Werner វិញហើយ ដោយការពិភាក្សានេះក៏ទទួលបានការគាំទ្រទាំងសងខាងផងដែរ។
តោខៀវបានយកឈ្នះ ៣-០ ទៅលើ Rennes កាលពីយប់មិញ ដោយមាន ២ គ្រាប់ជាការសម្រេចតាមរយៈបាល់ប៉េណាល់ទីពីថ្វីជើងរបស់ Timo Werner។
ប្រាប់ក្រោយចប់ការប្រកួតអ្នកចាត់ការសញ្ជាតិអង់គ្លេសនិយាយ៖ “ខ្ញុំបាននិយាយជាមួយ Jorginho រួចរាល់ហើយ ដោយកន្លងមកប៉ុន្មានលើកចុងក្រោយគេខកខានការស៊ុតច្រើន អ៊ីចឹងខ្ញុំមានអារម្មណ៍ថាដល់ពេលដែលត្រូវផ្លាស់ប្តូរហើយ”។
លោកបន្ថែម៖ “ដោយចម្លើយរបស់ Jorginho គឺដូចខ្ញុំរំពឹងទុកចង់បានអ៊ីចឹង គឺគេថាប្រសិន Timo គេស៊ុតចូលដូចថ្ងៃនេះ គេក៏នឹងសប្បាយរីករាយដែរ ហើយជាក់ស្តែងថ្ងៃនេះ Timo គេធ្វើបានល្អពិតមែន ហើយគេត្រូវតែបន្តរកគ្រាប់បាល់បន្ថែមទៀត”៕ ប្រភព៖ Goal