គណកម្មការៀបចំស៊ីហ្គេមបូកសរុបលទ្ធផលការងារប្រចាំត្រីមាស និងលើកទិសដៅបន្តសម្រាប់ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ នៅវិមានមិត្តភាព នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តរបស់ខ្លួន ឆ្ពោះទៅរៀបចំម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ជូនថា សម្តេចប្រធានបានពិនិត្យមើលលើវឌ្ឍនភាពការងារ ដោះស្រាយលើបញ្ហាប្រឈមមួយចំនួន និងបន្តជំរុញការងារពិធីបើក-បិទ ការប្រារព្ធពិធីសុំភ្លើងគុប ការរត់ភ្លើងគុប ក៏ដូចជារៀបចំកម្មវិធីអប់រំសង្គមបញ្ជ្រាបការយល់ដឹងពីស៊ីហ្គេម ឆ្នាំ២០២៣ទៅដល់ស្រទាប់មហាជននូវកម្មវិធីពលរដ្ឋម្នាក់លេងកីឡាមួយមុខ កម្ពុជាស្អាត និងបដិសណ្ឋាកិច្ចល្អ ការអប់រំការកាត់បន្ថយគ្រឿងញៀន ការកាត់បន្ថយគ្រោះថ្នាក់ចរារជាដើម។ ក្រៅពីនេះសម្តេចប្រធានក៏បានជំរុញឲ្យត្រៀមលក្ខណៈអភិវឌ្ឍបច្ចេកទេសចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដែលនេះជាយុទ្ធសាស្ត្រវាយតម្លៃចុងក្រោយ ក្នុងការវាស់ស្ទង់សមត្ថភាពរបស់ខ្លួន ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអគ្គលេខាធិការបន្ថែមថា នៅក្នុងកិច្ចប្រជុំនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសង្កត់ធ្ងន់ឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តកិច្ចខិតខំ ដើម្បីស្វែងរកមេដាយឲ្យបានល្អប្រសើរ។ សម្តេចប្រធាន CAMSOC បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់គណៈកម្មការជំនាញរបស់ CAMSOC នៅក្នុងដំណើរការសកម្មភាពការងារជាដំណាក់ៗបានល្អប្រសើរ ដែលធ្វើឲ្យមានក្តីសង្ឃឹម និងកក់ក្តៅ ក្នុងការអនុវត្តការងារបន្តទៅមុខទៀត។ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងនូវប្រសាសន៍គំាទ្ររបស់សម្តេចប្រធាន សម្រាប់ការត្រៀមពិធីបើក-បិទ ដែលជាពិធីដ៏អស្ចារ្យ និងមានសារៈសំខាន់ ហើយសម្តេចក៏បានចង្អុលបង្ហាញជូនដល់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាប្រធានគណៈកម្មការជំនាញវប្បធម៌ នៃ CAMSOC ជួយជំរុញបញ្ជ្រាបវប្បធម៌របស់យើងចូលទៅក្នុងកម្មវិធីបើក-បិទ ឲ្យកាន់តែអស្ចារ្យ និងមានភាពប្រណីត។
ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងទៀតថា នៅរាល់ដំណើរការពីមួយដំណាក់កាលទៅមួយដំណាក់កាល ពីមួយត្រីមាសទៅមួយត្រីមានឃើញថា វឌ្ឍនភាពការងារបាននឹងកំពុងឆ្ពោះទៅក្នុងដំណើរការដ៏ត្រឹមត្រូវតាមផែនការយ៉ាងរលូន ដោយមិនមានអ្វីជាឧបស័គ្គរាំងស្ទះអ្វីទេ។ ប៉ុន្តែអ្វីជាកង្វល់ នោះគឺលើផ្នែកបច្ចេកទេស ដែលគណៈកម្មការរុញផ្នែកបច្ចេកទេសនេះមានការលូតលាស់ឡើង ដោយបញ្ហានេះ CAMSOC នឹងបន្តធ្វើកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិនានា រួមជាមួយនឹងគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា ក្នុងគោលដៅដ៏ចម្បងរុញគោលដៅយុទ្ធសាស្ត្រឲ្យការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិត្រូវទៅតាមស្តង់ដាវិទ្យាសាស្ត្រកីឡា។ ការហ្វឹកហាត់ឲ្យត្រូវតាមក្បួនវិទ្យាសាស្ត្រកីឡានេះ គឺដើម្បីឲ្យមានភាពជឿជាក់ថា ការហ្វឹកហាត់របស់ ក្រុមជម្រើសជាតិឲ្យទទួលបានលទ្ធផល និងគុណផលកីឡាកម្រិតខ្ពស់ ដើម្បីត្រៀមប្រកួតប្រជែងមេដាយ នៅក្នុង កីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ ព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០នេះនឹងរៀបចំធ្វើសិក្ខាសាលាថ្នាក់ជាតិមួយដ៏ធំ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយនូវគោលដៅទាំងអស់របស់ CAMSOC ជូនដល់ភាគីពាក់ព័ន្ធ ហើយនឹងបន្តការផ្សព្វផ្សាយនេះជូនដល់ប្រជាពលរដ្ឋ ដែលគេដឹងច្បាស់ហើយថាឯកឧត្តមលោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង២៥គឺជាអនុប្រធាន CAMSOC ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយកាន់តែទូលំទូលាយ និងស៊ីជម្រៅជូនដល់ប្រជាពលរដ្ឋនៅទូទាំង ប្រទេសផងដែរ៕
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT