ប្រធានសហព័ន្ធការ៉ាតេស្នើឲ្យបន្តការខិតខំយ៉ាងខ្លាំងក្លា ដើម្បីជោគជ័យស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានស្នើសុំថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូបង្វឹក និងកីឡាករ កីឡាកាវិនីបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង សហការគ្នាបង្កើនភាពស្និទ្ធស្នាលស្វាហាប់ក្នុងការងារជំនាញកីឡាការ៉ាតេឲ្យកាន់តែខ្លាំងក្លា និង ឆន្ទៈមោះមុតបន្ថែមទៀត ដើម្បីឆ្ពោះទៅដណ្ដើមជោគជ័យ ក្នុងការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
នេះជាការលើកឡើងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ នៅក្នុងឱកាសបិទការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ២០២០ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅសាលមជ្ឈមណ្ឌលការ៉ាតេនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៣ថ្ងៃ។ ឯកឧត្តមប្រធានសហព័ន្ធការ៉ាតេកម្ពុជាបន្តថា តាមរបាយការណ៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធឆ្នាំនេះ ការចូលរួមរបស់កីឡាករ កីឡាការិនី មានការកើនឡើងច្រើនជាងឆ្នាំមុនៗ បើទោះបីយើងកំពុងស្ថិតក្នុងបរិបទជំងឺ COVID-19 និងជួបគ្រោះធម្មជាតិទឹកជំនន់ដោយទឹកភ្លៀងក៏ដោយ។
នេះសបញ្ជាក់ពីការរីកចម្រើនឡើងវិញនៃវិស័យកីឡាការ៉ាតេកម្ពុជា ជាពិសេសគឺការចូលរួមយ៉ាងផុលផុសពីសិស្សគុនកីឡាការ៉ាតេគ្រប់ក្លឹប សមាគម និងសាលាគុន ដែលជាការផ្តល់កម្លាំងចិត្តដល់ថ្នាក់ដឹកនាំសហព័ន្ធឲ្យខិតខំបម្រើប្អូនៗកីឡាករ កីឡាការិនី បន្តទៅទៀត។ វិស័យកីឡាការ៉ាតេពិតជាមានសារៈសំខាន់ ដោយមិនត្រឹមតែជួយលើកកម្ពស់សុខភាព បង្កើនមិត្តភាព និងសាមគ្គីភាពរវាងអ្នកហាត់ការ៉ាតេប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងធំ ក្នុងការវាស់ស្ទង់កម្រិតបច្ចេកទេសរបស់កីឡាករ កីឡាការនីម្នាក់ៗ ហើយក៏បានផ្តល់ភាពងាយស្រួលដល់គ្រូបង្វឹកអាចជ្រើសរើសបានកីឡាករឆ្នើមៗ សម្រាប់ត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិជាច្រើនជាបន្តបន្ទាប់ ដូចជាការត្រៀមចូលរួមរួមប្រកួត កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងឆ្នាំ២០២១, ការទទួលធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១, ការទទួលធ្វើម្ចាស់ផ្ទះមុនការប្រកួត (Pre-SEA Games) ឆ្នាំ២០២២ ដែលការប្រកួត អន្តរជាតិទាំងនេះ ដើម្បីគោលដៅដ៏ធំចម្បងរបស់ខ្លួន ឈានឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ឥឡូវនេះ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានសម្រេចទទួលគ្រូបង្វឹកខ្សែក្រវាត់៨ជាន់ គឺ លោកគ្រូ Hassan មកពីប្រទេសអ៊ីរ៉ង់បានមកដល់ទីនេះហើយ ដែលលោកគ្រូនឹងបង្វឹកកីឡាករ កីឡាកាវិនីជម្រើសជាតិផ្នែកប្រយុទ្ធ “Kumite” និងលោកគ្រូជប៉ុនម្នាក់ទៀត គឺលោកគ្រូ Shoki Toyarma នឹងបង្ហាត់ក្រុមជម្រើសផ្នែកកាតា “Kata” ។ លោកគ្រូបង្វឹកបរទេសទាំងពីរនាក់ពិតជាមានឆន្ទៈខ្ពស់ចង់ជួយឲ្យកីឡាករ កីឡាកាវិនីកម្ពុជាដណ្តើមយកមេដាយ ក្នុងការប្រកួតលើឆាកអន្តរជាតិ ពិសេសគឺការប្រកួតកីឡា SEA Games ឆ្នាំ២០២៣។ ប៉ុន្តែ គ្រូល្អ ខ្លាំងពូកែយ៉ាងណាក៏ដោយ កីឡាករ កីឡាការិនីគ្មានទេពកោសល្យ គ្មានឆន្ទៈមោះមុត ស្មារតីរឹងមាំជាអ្នកប្រយុទ្ធពិតប្រាកដ ក៏មិនអាចឈ្នះគេបានដែរ។ ដូចនេះហើយឯកឧត្តមប្រធានសហព័ន្ធបានដាក់ក្តីសង្ឃឹមលើការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការហ្វឹកហាត់ ដោយលះបង់ការឈឺចាប់ឲ្យបានដល់កម្រិត ដើម្បីទទួលបានគុណផលកីឡា (Performance) ការ៉ាតេកម្រិតខ្ពស់ ដើម្បីដណ្តើមជ័យលាភីមេដាយមាស ប្រាក់ សំរឹទ្ធ ក្នុងការប្រកួត និងលើកឧត្តមភាពកីឡាការ៉ាតេកម្ពុជាលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០នេះ មានប្រតិភូ កីឡាករ កីឡាការិនីចំនួន ២៣៦នាក់ មកពី២៣ក្លឹប ដែលវិញ្ញាសាដាក់ឲ្យប្រកួតមានចំនួន៣៦ មានវិញ្ញាសាគោលធំៗ ដូចជាផ្នែកកាតាឯកត្តជន កាតាក្រុម ប្រយុទ្ធឯកត្តជន ប្រយុទ្ធក្រុម ដែលនៅថ្ងៃបិទការប្រកួតនេះគណៈកម្មការបច្ចេកទេសបានសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើគ្រប់វិញ្ញាសាទាំងអស់ផងដែរ៕
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT