បើកការប្រកួតកីឡាវាយកូនឃ្លីលើតុជើងឯកថ្នាក់ជាតិនិងពានរង្វាន់សហព័ន្ធ លើកទី១ ប្រចាំឆ្នាំ២០២០

ការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡាវាយ​កូនឃ្លីលើតុ​កម្ពុជា លើកទី១ ប្រចាំឆ្នាំ២០២០បានចាប់ផ្តើមដំណើរការជាផ្លូវការ នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា។

ក្នុងនាមឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC), ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា ក្នុងនាមចលនាអូឡាំពិក និងគណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជាពិតជារីករាយចំពោះការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និង​ពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាប្រចាំឆ្នាំ២០២០ នាពេលនេះ។ ឯកឧត្តមអគ្គលេខាធិការ​បានវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិថ្មីបានបង្ហាញនូវសកម្មភាពរស់រវើកមានការរីកចម្រើនគួរជាទីកក់ក្តៅរបស់កីឡាករ កីឡាការិនី ក្រោយពីសហព័ន្ធនេះត្រូវបានគណៈ​កម្មាធិ​ការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និង កីឡា ព្រមទាំងទទួលបានការចង្អុលបង្ហាញ ជ្រើស​រើស​ប្រធានសហព័ន្ធ និងគាំទ្ររបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ទើបធ្វើឱ្យ​សហព័ន្ធប្រែមុខមាត់ថ្មីគួរជាទីសង្ឃឹម ស្វែងរកឧត្តមភាពកីឡា វាយកូនឃ្លីលើតុ ក្នុងការត្រៀមប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងបន្ថែមទៀតថា “ដើម្បីជំរុញបន្ថែមល្បឿនអភិវឌ្ឍន៍គុណផល​កីឡា (Performance) កម្រិតខ្ពស់ ដល់កីឡាករ កីឡាកាវិនីវាយកូនឃ្លីលើតុ គណៈកម្មាធិការជាតិរៀបចំការ​ប្រកួត​​កីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បាន​ឯកភាពជា​មួយ​ក្រុមជំនាញកីឡា និងក្រុមសិក្សាស្រាវជ្រាវមកពីក្រុមហ៊ុនកីឡាអន្តរជាតិ តំណាងឱ្យ​អាជ្ញាធរ​កីឡា នៃសាធារណរដ្ឋប្រជាមានិតចិនផ្តល់ចំនួនកីឡាករ កីឡាការិនី វាយកូនឃ្លីលើតុចំនួន៨នាក់ ត្រៀមទៅហ្វឹក​ហាត់រយៈពេលវែង នៅសាធារណរដ្ឋប្រជាមានិតចិន”។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានគូសបញ្ជាក់ថា ការ​ប្រកួតឆ្នាំនេះ សហព័ន្ធបានរៀបចំការប្រកួតចំនួនពីរក្របខ័ណ្ឌ គឺក្របខ័ណ្ឌក១ ចាប់ពីអាយុ១៩ឆ្នាំឡើងទៅ និងក្របខ័ណ្ឌក២ ក្រោមអាយុ១៨ឆ្នាំ ដោយបែងចែកក្នុងមួយក្របខ័ណ្ឌមាន៤វិញ្ញាសា ដើម្បីបំផុស​យុវកីឡាករ កីឡាការិនីឱ្យបានផុសផុល ក្នុងប្រទេស។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់​សហព័ន្ធកីឡា​ជំនាញ​មួយនេះមានប្រតិភូកីឡាករ កីឡាការិនីចូលរួមសរុបចំនួន១៧៣នាក់ មកពី២២ក្លឹបទូទាំងប្រទេស៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT