វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាអុកចត្រង្គដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាអុកចត្រង្គ កម្រិតជាតិបានបញ្ចប់ដោយជោគជ័យហើយ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅសាលនាយកដ្ឋានអប់រំកាយ និងកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពី ដំណើរកម្មវិក្សាតាមការគ្រោងទុកអស់រយៈពេល៥ថ្ងៃ ដោយតាមរយៈវគ្គបណ្តុះបណ្តាលនេះ គឺជាចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសបិទវគ្គ ក្នុងនាមលោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា, លោកអគ្គហិរញ្ញឹកបានលើកឡើងថា នេះជាលើកទី១ សម្រាប់ឆ្នាំ២០២០របស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដែលបានរៀបចំវគ្គនេះឡើង ក្នុងគោលបំណងបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកគ្រូបង្វឹកនៅតាមក្លិប ដែលជាសមាជិក ដើម្បីជួយបង្ហាត់ដល់កីឡាករ កីឡាការិនី ពិសេសយុវជនឲ្យបង្កើនសមត្ថភាពខ្ពស់លើប្រភេទកីឡាអុកចត្រង្គ។ លោកបានបង្ហាញរបាយរណ៍សកម្មភាពការងារជាបន្តបន្ទាប់នៃឆ្នាំនីមួយៗ តាំងពីឆ្នាំ២០២៧មកដល់បច្ចុប្បន្ន ដោយស្ថិតនៅក្នុងអាណត្តិទី១ ពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០២១ ដោយកន្លងមកសហព័ន្ធសម្រេចបាននូវលទ្ធផលល្អប្រសើរជាបន្តបន្ទាប់។

តំណាងប្រធានរូបនេះបានបន្ថែមទៀតថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រភេទកីឡាអុកចត្រង្គត្រូវបានជ្រើសរើសបញ្ចូលជាវិញ្ញាសាប្រកួតក្នុងកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្រ្តជាលើកដំបូងរបស់កម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះ ក្នុងនាមខ្លួនស្ថាបនិកកីឡាក្នុងតំបន់មួយនេះ។ ដូច្នេះសម្រាប់ផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធគឺផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ដើម្បីដណ្ដើមមេដាយជូនជាតិមាតុភូមិ និងបង្ហាញដល់ពិភពលោកអំពីកេរមរតកពីដូនតាខ្មែររបស់យើង។ ដើម្បីទទួលបានកីឡាករ កីឡាការិនីឆ្នើមៗ ចូលរួមប្រកួតដណ្ដើមជ័យជម្នះបាន លុះត្រាតែមានការចូលរួមយ៉ាងសំខាន់ពីគ្រូបង្វឹកដែលមានផែនការជាក់លាក់ ទេពកោសល្យ វិធីសាស្រ្តបង្ហាត់ និងលក្ខខណ្ឌដ៏ទៃផ្សេងទៀត។ ហេតុដូច្នេះហើយទើបសហព័ន្ធបានរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ដើម្បីស្របតាមផែនការយុទ្ធសាស្រ្តរបស់ខ្លួនឲ្យទទួលបានជោគជ័យ។

លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានសាទរចំពោះសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាដែលបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតជាតិនេះឡើង ដើម្បីលើកកម្ពស់សមត្ថភាពគ្រូបង្វឹក ក្នុងការបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនី ក៏ដូចជាយុវជនជំនាន់ក្រោយឲ្យមានបច្ចេកទេស និងកលល្បិចកាន់តែខ្ពស់ ក្នុងការប្រកួតកីឡាអុកចត្រង្គ។ លោកបញ្ជាក់ថា សម្រាប់ប្រភេទកីឡារបស់កម្ពុជា ដែលត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវបានចែកចេញជា៣ប្រភេទ ១-ប្រភេទកីឡាត្រូវដាក់បញ្ចូលដែលមានសក្តានុពល និងមានប្រជាប្រិយភាពខ្ពស់មានចំនួន១៧ប្រភេទកីឡា ២-ប្រភេទកីឡាត្រូវដាក់បញ្ចូលដែលមានសក្តានុពលមធ្យមមានចំនួន១៥ប្រភេទកីឡា ៣-ប្រភេទកីឡាដែលត្រៀមដាក់បញ្ចូល និងមានសក្តានុពលទាបមាន១៣ប្រភេទកីឡា ហើយអុកចត្រង្គ ដែលជាកេរមរតករបស់ដូនតាខ្មែរយើង គឺជាប្រភេទកីឡាដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (CAMSOC) ជ្រើសរើសបញ្ចូលទៅក្នុងប្រភេទកីឡាដែលមានសក្តានុពល និងមានប្រជាប្រិយភាពខ្ពស់ មានន័យថាគឺជាប្រភេទកីឡាដែលនឹងត្រូវទទួលបានចំណាត់ល្អក្នុងការដណ្តើមមេដាយមាស។ ទន្ទឹមនឹងនេះ តួនាទីរបស់លោកគ្រូទាំងអស់ដែលជាសិក្ខាកាមបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះត្រូវដើរតួយ៉ាងសំខាន់ក្នុងការកសាងធនធានកីឡាករ កីឡាការិនីឆ្នើម ដើម្បីសម្រេចបានចក្ខុវិស័យរបស់ CAMSOC ក៏ដូចជាសហព័ន្ធខ្លួនផ្ទាល់ និងប្រជាជនកម្ពុជាទាំងអស់ដែលកំពុងទន្ទឹងរងចាំនូវលទ្ធផលដ៏ល្អនេះ។

បច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនាយកដ្ឋានអប់រំកាយ និងកីឡា ក៏បានផ្តល់ថវិកាគាំទ្រដល់ សហព័ន្ធកីឡាជាតិចំនួន៤២ ក្នុងឆ្នាំ២០២០នេះ សរុបថវិកាចំនួន ៣១០០លានរៀល ក្នុងនោះសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាក៏បានទទួលចំនួន៦០លានរៀល សម្រាប់ដំណើរការងារទ្រទ្រង់សហព័ន្ធទាំងផ្នែករដ្ឋបាល ផ្នែកបណ្តុះបណ្តាល និងផ្នែកប្រកួត។ ថ្វីត្បិតចំនួនថវិកានេះមិនទាន់ឆ្លើយតបទាំងស្រុងទៅលើការចំណាយទាំងស្រុងរបស់សហព័ន្ធក៏ពិតមែន ប៉ុន្តែក៏អាចសម្រួលដល់សហព័ន្ធក្នុងកិច្ចការចម្បងមួយចំនួនធំផងដែរ។ សហព័ន្ធក៏ត្រូវកៀរគរ ស្វែងរកអ្នកឧបត្ថម្ភ សប្បុរសជនគាំទ្របន្ថែមទៀតដើម្បីបំពេញបន្ថែមលើថវិកាក្រសួងនេះ។ លើសពីនេះ ក្រសួងក៏ បានផ្តល់ថវិកាឧបត្ថម្ភសម្រាប់កីឡាករ កីឡាការិនីក្រុមជម្រើសជាតិឈុតធំ និងជម្រើសជាតិថ្នាលផងដែរ។ នៅពេល ទទួលបានចំណាត់ថ្នាក់មេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងការប្រកួតអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡាក៏បានស្នើ សុំថវិការង្វាន់ទៅតាមអនុក្រឹត្យ និងប្រកាសអន្តរក្រសួង ដើម្បីលើកទឹកចិត្តដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT