ល្បុក្កតោក្មេងវត្តថាន់ទទួលស្គាល់កំហុស ដែលចង់ប្តូរពាក្យទៅជា «បុក្កតោ»

លោក ឆន ច័ន្ទវិរៈ ហៅលោកគ្រូ អាថាន់ បានប្រកាសទទួលស្គាល់កំហុសជាសាធារណៈនៅលើបណ្ដាញសង្គម ដែលចង់ប្តូរឈ្មោះ «ល្បុក្កតោក្មេងវត្តថាន់» របស់ខ្លួន ទៅជា «បុក្កតោ» ដោយលោកសូមការអនុគ្រោះ ក្រោយពេលប្រតិកម្មយ៉ាងខ្លាំងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក៏ដូចជាមហាជនទូទៅ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានប្រតិកម្មថា សូមឱ្យកែសម្រួលឡើវវិញជាបន្ទាន់ នេះជាវិទ្ធង្សនាវប្បធម៌ និងយុទ្ធគុនអត្តសញ្ញាណជាតិ ព្រលឹងជាតិ ដែលត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចុះបញ្ជីបេតិក  ភណ្ឌជាតិរួចហើយនូវពាក្យថា «ល្បុក្កតោ» និងមានកំណត់ត្រាក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ជាពិសេសគឺសំណើដាក់ក្នុងបញ្ជីបេតិកភណ្ឌ អរូបី នៃមនុស្សជាតិរបស់អង្គការ UNESCO រួចហើយ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាល្បុក្កតោនឹងចាត់វិធានការតាមផ្លូវច្បាប់។

លោក ឆន ច័ន្ទវិរៈ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនវិញយ៉ាងដូច្នេះថា «សូមគោរពឯកឧត្ត ម លោកជំទាវ ពុកម៉ែបងប្អូន និងព្រឹទ្ធាចារ្យក្បាច់គុនទាំងអស់ជាទីគោរព ទាក់ទងនឹងក្បាច់គុនដោយប្រើពាក្យក្បាច់គុនល្បុក្កតោឱ្យដូរទៅជា «ក្បាច់គុនបុក្កតោ» ខ្ញុំនឹងធ្វើការកែប្រែឱ្យទៅជា «ក្បាច់គុនល្បុក្កតោ»វិញ ខ្ញុំបាទ ឆន ច័ន្ទវិរៈ ហៅលោកគ្រូអាថាន់រាល់ការខុសឆ្គងទាំងឡាយណា ដែលកើតឡើង គឺខ្ញុំទទួលទាំងអស់ពុំមានជាប់ទាក់ទងនឹងបុគ្គលមួយណាឡើយ។ ខ្ញុំអត់ចង់ធ្វើការបកស្រាយនិយាយវែកញែកវែងឆ្ងាយបន្តទៀតទេ ខ្ញុំសូមបញ្ឈប់ត្រឹមនេះ។ អាស្រ័យហេតុនេះសូមឯកឧត្តម លោកជំទាវ ពុកម៉ែបងប្អូន និងលោកគ្រូព្រឹទ្ធាចារ្យក្បាច់គុនទាំងអស់សូមអនុគ្រោះដោយក្តីគោរពអំពីខ្ញុំ « ក្បាច់គុនល្បុក្កតោ«។

Image may contain: 5 people

រីឯលោកគ្រូតាក្រមាមាស សាន គឹមស៊ាន បានបញ្ជាក់ថា ឈ្មោះគុនល្បុក្កតោ គឺមានតែមួយ គ្មានពីរទេ ចំពោះអក្សរសរសេរថា ល្បុក្កតោ គឺបានជ្រើសរើស មិនមែនខ្ញុំអ្នកកែប្រែឈ្មោះនេះ រឺក៏អក្សរសាស្ត្រទេ។ ព្រោះអក្សរនេះ ខ្ញុំបានស្រាវជ្រាវដកស្រង់ចេញពីវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ នាជំនាន់មុន ហើយលោកបានចងក្រងជាវចនានុក្រម ដោយបានប្រើពាក្យ ល្បុក្កតោនេះ នៅក្នុងវចនានុក្រម។ ដូច្នេះអ្នកដែលកែអក្សររបស់លោក ខ្ញុំជឿថាមិនមែនជាអ្នកប្រាជ្ញអក្សរសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាទេ។ សូមមេត្តាកុំកែអក្សរសាស្ត្រ ដែលអ្នកប្រាជ្ញវប្បធម៌ជាតិ ដាក់នៅក្នុងវចនានុក្រមរបស់ខ្មែរ បង្ខូចអក្សរសាស្ត្រ អក្សរសិល្ប៍ជាតិខ្លួនឯង និងវប្បធម៌ជាតិខ្លួនឯង អ្នកនោះមិនមែនជាកូនខ្មែរ និងជាអ្នករៀនអក្សរសាស្ត្រខ្មែរច្បាស់លាស់នៅឡើយទេ។ សូមអស់ លោក លោកស្រី និងកូនចៅទាំងអស់ពិចារណាឱ្យបានច្បាស់លាស់ឡើងវិញ បុក្កតោ និងល្បុក្កតោ មានន័យខុសគ្នា ឯអក្សរ បុក្កតោ ខ្ញុំមិនដែលឃើញតាំងពីខ្ញុំនៅរៀនអក្សរខ្មែរថ្នាក់កុមារ ឆ្នាំ១៩៥២ មកដល់ថ្ងៃនេះ ដូច្នេះសូមមេត្តាពិចារណាឡើងវិញ កុំនាំគ្នាបង្កាច់បង្ខូចអក្សរសាស្ត្ររបស់ជាតិខ្លួនឯង។

លោកគ្រូក្រមាមាសបន្តថា អក្សរគុនល្បុក្កតោ គឺទទួលស្គាល់ពីក្រសួងពាក់ព័ន្ធទាំងអស់ ជាពិសេសរាជរដ្ឋាភិបាលបានដាក់អក្សរគុនល្បុក្កតោនេះ ក្នុងបញ្ជីបេតិកភណ្ឌ អរូបី នៃមនុស្សជាតិ UNESCO រួចហើយ ក្នុងឆ្នាំ២០១២ បើលោកចង់កែអក្សរសាស្រ្តនេះសូមមេត្តាដាក់ពាក្យទៅក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ជាមុនសិន ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT