Joe Hart នឹងទៅពិនិត្យសុខភាពនៅក្លឹប Burnley ក្នុងពេលចាប់ៗនេះ ដើម្បីសម្រេចការផ្ទេរក្នុងតម្លៃខ្លួនត្រឹមតែ៤លានផោនប៉ុណ្ណោះ។
អតីតអ្នកចាំទីជម្រើសជាតិអង់គ្លេសខាងលើនេះ បានចំណាយពេល២ឆ្នាំលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប Torino និង West Ham ដោយទើបតែរដូវកាលនេះប៉ុណ្ណោះ ទើបសម្រេចត្រលប់មកលេងនៅ Pre-Season ជាមួយក្រុម Man City វិញ។ យ៉ាងណាមិញ ការត្រលប់មកវិញនេះក៏មិនមែនមានន័យថារូបគេបានលេងជម្រើសដំបូងដែរ ព្រោះបច្ចុប្បន្នលេងនៅតំណែងអ្នកចាំទីដៃទី៣ឯណោះ។ ហេតុដូច្នេះហើយ ទើបបានជារូបគេចង់ចាកចេញពីក្លឹបនេះតែម្ដង ដើម្បីស្វែងរកក្លឹបថ្មីបានលេងជាប់ជានិច្ច។
ក្លឹបដែលជាជម្រើសល្អបំផុតរបស់អ្នកចាំទីវ័យ៣១ឆ្នាំរូបនេះ គឺ Burnley ដែលបានទាក់ទងមកទិញ ក្នុងតម្លៃខ្លួន៤លានផោន។ តម្លៃនេះ អាចនឹងក្លឹប Man City ព្រមលក់ជាក់ជាមិនខាន ត្បិតអីសាមីខ្លួនក៏ទាមទារចង់ចាកចេញដែរ។ ប្រភពនៅអង់គ្លេស បានបញ្ជាក់ថា Hart ទៅលេងនៅក្លឹបថ្មីនេះហើយ ដោយចុះកុងត្រារយៈ ពេល៣រដូវកាលឯណោះ៕ប្រភព៖ DailyMail