ដឹកនាំ​ជាង ២០ ឆ្នាំ Mourinho ​ថា​បរាជ័យ​នៅ​ប្រកួត​មួយ​នេះ ធ្វើ​ឲ្យ​ខ្លួន​សោកសៅ​ចិត្ត​បំផុត

ឆ្លង​កាត់​ការ​បម្រើ​អាជីព​ជា​អ្នកចាត់ការ​ក្លឹប​បាល់ទាត់​តាំង​ពី​ឆ្នាំ ២០០០ រហូត​មក​ដល់​ឆ្នាំ ២០២០ អ្នកចាត់ការ​លោក Jose Mourinho ​បាន​ទម្លាយ​ពី​បរាជ័យ​នៅ​ប្រកួត​មួយ ដែល​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ថា​ខ្លួន​បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ក្នុង​អាជីព។

នោះ​គឺ​ការ​បរាជ័យ​នៅ​បាល់​កាត់​សេចក្តី​ប៉េណាល់​ទី​ក្នុង​លទ្ធផល ១-៣ ទល់​ក្លឹប Bayern Munich នៅ​ជើង​ទី ២ វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League រដូវ​កាល ២០១១/១២។

នៅ​បទសម្ភាសន៍​ជាមួយ​លោក Mercado Aberto លើ​ប៉ុស្តិ៍​ទូរទស្សន៍ Sic របស់​ព័រទុយហ្គាល់ លោក Mourinho និយាយ៖ “ប្រសិន​ឲ្យ​ខ្ញុំ​ជ្រើសរើស​ពេលវេលា​ដ៏​អាក្រក់​បំផុត នោះ​គឺ​ដែល​ក្រុម Real Madrid ត្រូវ​បាន​គេ​ទម្លាក់​ចេញ​ពី​ការ​ប្រកួត [សំដៅ​ដល់​បរាជ័យ​ទល់​ក្លឹប Bayern Munich]”។

លោក​បន្ថែម​ទៀត​ថា៖ “យើង​ធ្លាប់​ជា​ក្រុម​ដែល​ល្អ​បំផុត​ប្រចាំ​តំបន់​អឺរ៉ុប យើង​ឈ្នះ​ពាន LaLiga និង​ឈោង​បាន​កំណត់ត្រា​លំដាប់​ពិន្ទុ និង​គ្រាប់​បាល់ ហើយ​យើង​គួរ​តែ​បាន​ឈ្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​គ្មាន​ការ​សង្ស័យ​អ្វី​ទាំង​អស់”។

“ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អាម៉ាស់​បំផុត គឺ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​ដែល​ខ្ញុំ​ជ្រើស​យក​ឈ្មោះ Cristiano Ronaldo, Kaka និង Sergio Ramos ដែល​ពួក​គេ​ជា​អ្នក​ជំនាញ​ខាង​បញ្ចប់​ទី​ការ​ស៊ុត​បាល់​ ១១ ម៉ែត្រ តែ​ចុង​ក្រោយ​អ្នក​ដែល​មិន​ធ្លាប់​ខកខាន​ការ​ស៊ុត បែរ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ខកខាន​ទៅ​វិញ”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT