ឯកឧត្តមបណ្ឌិត ថោង ខុន៖ កម្ពុជាមិនអាចដណ្តើមចំណាត់ថ្នាក់មេដាយស៊ីហ្គេម ២០២៣ ពី​លេខ​១​ដល់​លេខ​៤​បាន​ទេ

ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ដោយបន្តពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនទៀត លើការពិនិត្យរបាយការណ៍ ផែនការសកម្មភាពរបស់គណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបន្តសម្រួចគោលដៅឲ្យទទួលបានជោគជ័យ នៅក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។


ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា «កម្ពុជាយើងមិនអាចដណ្តើមបានចំណាត់ថ្នាក់មេដាយស៊ីហ្គេម ២០២៣ បានលេខ១ លេខ២ លេខ៣ ឬលេខ៤ទេ ប៉ុន្តែយើងកំពុងខិតខំយ៉ាងខ្លាំង ដើម្បីប្រជែងឲ្យបានត្រឹមលេខ៥ ឬលេខ៦ ដោយក្នុងនោះឯកឧត្តមបណ្ឌិតស្នើឲ្យគណៈកម្មការជំនាញ CAMSOC ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដើម្បីឲ្យទទួលជ្រាប និងផ្តល់ការគាំទ្រដល់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។ ឯកឧត្តមអនុប្រធានអចិន្រ្តៃយ៍បានលើកឡើងទៀតថា រឿងប្រជែងមេដាយជាបញ្ហាសំខាន់មួយ ប៉ុន្តែអ្វីដែលរិតតែសំខាន់នោះ គឺយើងត្រូវរួមគ្នាឲ្យកម្ពុជាស្អាត តាមរយៈការអប់រំផ្សព្វផ្សាយលើកិច្ចការបដិសណ្ឋារកិច្ចល្អ បរិស្ថានល្អ អនាម័យស្អាត បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀនត្រូវបានកាត់បន្ថយ ដើម្បីជំរុញឲ្យមានការប្រែប្រួលមួយថ្មី ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដែលជាដៃគូសំខាន់ គឺទូរទស្សន៍ជាតិកម្ពុជា និងបណ្តាដៃគូផ្សព្វផ្សាយឯកជនដទៃៗទៀត ដើម្បីជំរុញផែនការផ្សព្វផ្សាយ និងព័ត៌មានបញ្ជ្រាបជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យមានការចូលរួមអំពីតួនាទីភារកិច្ចរបស់ពលរដ្ឋគ្រប់រូប ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ទាំងមុនពេលស៊ីហ្គេម ក្នុងពេលស៊ីហ្គេម និងក្រោយពេលស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំថា ក្រោមការចង្អុលបង្ហាញពីសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC និងឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍តែងតែយកចិត្តទុកដាក់ខ្ពស់ឲ្យគណៈកម្មការជំនាញរបស់ខ្លួនចំនួន១៤ ធ្វើការងារទៅតាមប្រក្រតីទិនការងារឲ្យបានរលូន ដើម្បីឲ្យទទួលបាននូវវឌ្ឍនភាពការងារពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយការត្រួតពិនិត្យតាមដាន វាយតម្លៃជាប្រចំានេះ កំពុងជំរុញឲ្យកិច្ចការនានាមានសកម្មភាពយ៉ាងមមាញឹក។

ឯកឧត្តមអគ្គលេខាធិការលើកឡើងបន្ថែមនូវរបៀបវារៈសំខាន់ៗចំនួន៣ដូចជា របៀបវារៈទី១-ការប្រកាសស្តីពីការប្រើប្រាស់ស្លាកសញ្ញា-និមិត្តសញ្ញា (Logo-Mascot) ឲ្យខាងជំនាញយកទៅប្រើប្រាស់ផ្សព្វផ្សាយឲ្យបានច្បាស់លាស់ជៀសវាងការប្រើប្រាស់បន្លំ ឬក្លែងទម្រង់ទ្រព្យសម្បត្តិរបស់ ស៊ីហ្គេម ឆ្នាំ២០២៣របស់យើង។ របៀបវារៈទី២-ការពិភាក្សាលើគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា ដែលត្រៀមបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ លើប្រធានបទចំនួនពីរ គឺប្រជាជនម្នាក់លេងកីឡាមួយមុខក្នុងមួយជីវិត និងប្រធានបទទីពីរ គឺកម្ពុជាស្អាត-បដិសណ្ឋារកិច្ចល្អ រួមទាំងការអប់រំកាត់បន្ថយនូវភាពអសកម្មក្នុងសង្គម ដូចជាកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ និងកាត់បន្ថយគ្រឿងញៀនជាដើម ដែលឯកឧត្តមបណ្ឌិត ថោង ខុន បានផ្តល់អនុសាសន៍ឲ្យគណៈកម្មការជំនាញរៀបចំសិក្ខាសាលាមួយ ដើម្បីអប់រំផ្សព្វផ្សាយលើការងារប្រកាសនូវយុទ្ធនាការសំខាន់ៗចំនួនពីរនេះ ចាប់ពីពេលនេះតទៅ ដើម្បីឲ្យកម្ពុជាមានរូបភាពវិជ្ជមាន សម្រាប់សមាជិកអាស៊ីអាគ្នេយ៍ចំនួន១០ប្រទេសផ្សេងទៀត ដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាមតិអន្តរជាតិបានមើលឃើញពីសកម្មភាពវិជ្ជមាននៃដំណើរការអភិវឌ្ឍ សន្តិភាពរបស់កម្ពុជា ជាដើម។

តាមការគ្រោងទុក សិក្ខាសាលាដ៏ធំនេះយើងនឹងធ្វើបទបង្ហាញពីខ្លឹមសារសំខាន់ៗលើយុទ្ធនាការពីរនេះ ដោយមានសមាសភាពចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរទាំង២៥រាជធានី-ខេត្ត ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយបញ្ជ្រាបជូនប្រជាពលរដ្ឋឲ្យមានការរស់នៅក្នុងឥរិយាបទថ្មីមួយ សម្រាប់សង្គមជាតិរបស់យើង។ ចំពោះរបៀបវារៈទី៣ គឺការពិភាក្សាគ្នាលើផ្នែកថវិកាបឋម ហើយគ្រោងនឹងបន្តពិភាក្សាគ្នា និងស្វែងរកអ្នកជំនាញការបន្ថែមទៀត លើផែនការលម្អិតនៃការចំណាយថវិកា ដើម្បីធ្វើយ៉ាងណាឲ្យមានភាពសន្សំសំចៃលើការប្រើប្រាស់ថវិកាជាតិឲ្យបានត្រឹមត្រូវបំផុត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT