ពី​អតីត​ជន​ភៀសខ្លួន​រត់​គេច​ពី​សង្រ្គាម មុន Davies ក្លាយ​ជា​កីឡាករ​កាណាដា​ដំបូង​ឈ្នះ​ពាន UCL

Alphonso Davies ​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​និង​យុវជន​ឯ​ទៀត​ឃើញ​ថា ការ​ខិតខំ​ប្រឹងប្រែង​និង​ឆន្ទៈ​ដ៏​មោះមុត​ពិត​ជា​អាច​សម្រេច​នូវ​ក្តីស្រមៃ​យ៉ាង​ពិត​ប្រាកដ។

កីឡាករ​វ័យ ១៩ ឆ្នាំ ទើប​តែ​ប្រែ​ក្លាយ​ជា​កីឡាករ​កាណាដា​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់ ដែល​បាន​ឈ្នះ​ពាន UEFA Champions League ហើយ​ក៏​ទទួល​បាន​ការ​អបអរ​សាទរ​យ៉ាង​កក់ក្តៅ​ពី​សំណាក់​នាយករដ្ឋមន្រ្តី​ប្រចាំ​ផ្ទៃ​ប្រទេស​ផង​ដែរ។ មុន​ឈាន​មក​ដល់​ចំណុច​នេះ តើ​អ្នក​ដឹង​ទេ​ថា Davies ធ្លាប់​ឆ្លង​កាត់​ការ​លំបាក​បែប​ណា​ខ្លះ?

Davies កើតនៅថ្ងៃទី ​២ ​វិច្ឆិកា ឆ្នាំ ២០០០ មាន​ឪពុកម្តាយ​ជា​ជនជាតិ​លីបេរីយ៉ា​ ដោយ​កាល​ពី​នៅ​ក្មេង ​គេ​ធ្លាប់​រស់នៅ​ក្នុង​ជំរុំ​ជនភៀសខ្លួន​របស់​ហ្គាណា ​ក្រោយ​រត់គេច​ពី​សង្រ្គាម​ស៊ីវិល ហើយ​បាន​ផ្លាស់​មក​រស់នៅ​ក្នុង​ទីក្រុង Edmonton ខេត្ត Alberta ប្រទេស​កាណាដា​នៅ​អាយុ ៥ ឆ្នាំ។

ក្មេង​ប្រុស​ស្បែក​ខ្មៅ​រូប​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្មេង​ដែល​មាន​ទេពកោសល្យ​ជាមួយ​វិស័យ​បាល់ទាត់​មួយ​រូប ដោយ​គេ​បាន​ចូលរួម​លេង​នៅ​ថ្នាល​យុវជន​ក្នុង​ទីក្រុង​កំណើត រហូត​ដល់​អាយុ ១៤ ឆ្នាំ ត្រូវ​បាន​ក្លឹប Vancouver Whitecaps ដែល​ជា​ក្លឹប​អាជីព​មួយ​ ចុះ​ហត្ថលេខា​យក​រូប​គេ​ទៅ​បន្ត​អភិវឌ្ឍ​ខ្លួន ហើយ​រំលង​មួយ​ឆ្នាំ​បន្ទាប់​គេ​បានន​ហោះ​ទៅ​លេង​នៅ​លីគ​លំដាប់​ទី ២ USL ក្នុង​ទឹកដី​សហរដ្ឋអាមេរិក មុន​វិវត្ត​ខ្លួន​ឡើង​មក​កាន់​លីគ​លំដាប់​ទី ១ MLS នាម​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ផង​ដែរ។

សមត្ថភាព​លេង​របស់ Davies នៅ​តែ​បន្ត​កើនឡើង​ឥត​ឈប់ឈរ ជា​ហេតុ​នាំ​ឲ្យ​មាន​ក្លឹប​នៅ​តំបន់​អឺរ៉ុប​ចាប់​ផ្តើម​សម្លឹង​ឃើញ​រូប​គេ​ជា​បណ្តើរៗ ហើយ​នា​ពេល​ចុង​ក្រោយ​នៅ​ខែ​មករា ឆ្នាំ ២០១៩ ក្លឹប Bayern Munich របស់​អាល្លឺម៉ង់​ក៏​បាន​ទម្លាក់​លុយ ១០ លាន​អឺរ៉ូ នាំ​យក Davies មក​ចូលរួម​នៅ​ក្លឹប​របស់​ខ្លួន។

ត្រឹម​រយៈ​ពេល​ជាង​មួយ​ឆ្នាំ អតីត​ក្មេង​ធ្លាប់​រត់គេច​ពី​សង្រ្គាម​ស៊ីវិល​រូប​នេះ បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​ខ្សែ​ការពារ​ស្លាប​ឆ្វេង​ដ៏​ល្អ​មួយ​រូប ហើយ​ចំណុច​ខ្លាំង​របស់​គេ គឺ​ល្បឿន និង​បច្ចេកទេស​ញាក់​បាល់។ នៅ​រដូវ​កាល ២០១៩/២០ គេ​បាន​ក្លាយ​ជា​កីឡាករ​សកម្ម​របស់ Bayern បង្ហាញ​ខ្លួន ៤៦ ​ប្រកួត និង​ជា​ចំណែក​ដ៏​សំខាន់​ដែល​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន UCL និង​ពាន ៣/រដូវ​កាល ក្រោម​ការ​ដឹកនាំ​របស់​លោក Hansi Flick។

Davies សប្បាយ​ចិត្ត​គ្មាន​អ្វី​ប្រៀបផ្ទឹម នឹង​ជ័យជម្នះ​ដ៏​ធំធេង​មួយ​នេះ ហើយ​គេ​ក៏​បាន​បង្ហោះ​សារ​លើក​ទឹកចិត្ត​និង​ជំរុញ​ដល់​យុវជន​ក្រោយៗ ដោយ​សរសេរ​ថា៖ “គ្រប់​គ្នា​ដែល​កំពុង​ចង់​សម្រេច​ក្តី​ស្រមៃ កុំ​បោះបង់​វា​ឲ្យ​សោះ ទោះ​បើ​គិត​ថា​មិន​អាច​ទៅ​រួច​នៅ​ពេល​នេះ​ក៏​ដោយ ហើយ​ត្រឹម​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត ដូច​ខ្ញុំ​តើ​នរណា​អាច​ទស្សន៍ទាយ​បាន​នោះ ពី​ក្មេង​ដែល​មក​ពី​ទីក្រុង Edmonton ប្រហែល​មាន​មនុស្ស​ជា​ច្រើន​មិន​ស្គាល់​ពី​វា តែ​ពេល​នេះ​គេ​ក្លាយ​ជា​អ្នក​ឈ្នះ​ជើង​ឯក Champions League”៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT