ក្លឹប Chelsea បានប្រកាសថាទាល់តែខ្លួនបាន២០០លានផោន ទើបព្រមលក់ខ្សែបម្រើប្រយុទ្ធ Eden Hazard នៅរដូវកាលដោះដូរកីឡាករនេះ។
Real Madrid ជាក្លឹបទី១ដែលចង់បាននិងទាក់ទងទិញយក Hazard ។ ដោយតម្លៃដំបូងត្រឹមតែ១៥០លានផោនប៉ុណ្ណោះ អំឡុងពេលខ្សែបម្រើរូបនេះកំពុងលេងនៅ World Cup ជាមួយក្រុមជម្រើសជាតិបែលហ្សិក។ ក្រោយមកទៀត ចប់ World Cup ទៅ ក្លឹប Real Madrid កាន់តែទាក់ទងចង់បានថែមទៀត រហូតដល់ក្លឹប Chelsea ក៏បញ្ជាក់ថាព្រមលក់ឱ្យដែរ ប៉ុន្តែតម្លៃវិញត្រូវកើនដល់២០០លានផោនឯណោះ មិនមែន១៥០លានផោនឡើយ។
ដោយសារតែតម្លៃកើនឡើងខ្លាំងយ៉ាងនេះ បានធ្វើឱ្យក្លឹប Real Madrid កំពុងពិចារណាឡើងវិញចំពោះការចង់បាន Hazard នេះ។ ស្របពេលដែលសាមីខ្លួនគេវិញ បច្ចុប្បន្នកំពុងតែចាក់ខ្សែត្រូវជាមួយអ្នកចាត់ការថ្មី Sarri របស់ក្រុម Chelsea ទៅហើយ។ វត្តមានរបស់ Sarri នេះ បានធ្វើឱ្យទីផ្សារដោះដូរកីឡាកររបស់ Chelsea ហាក់ដូចជាពិបាកបន្តិច ត្បិតអីទាំង Willian ដែល Barcelona ចង់បាននោះ ក៏មិនអាចផ្ទេរបានដែរ ព្រោះអ្នកចាត់ការរូបនេះបានតំឡើងតម្លៃខ្ពស់ពេក។
បច្ចុប្បន្ន លោក Sarri កំពុងចរចាជាមួយកីឡាករ៣នាក់នៅក្នុងក្រុមដើម្បីឱ្យរូបគេបន្ដលេងនៅ Premier League ថែមទៀត ដោយក្នុងនោះរួមមាន Hazard , Willian និងអ្នកចាំទី Thibaut Courtois៕ប្រភព៖ DailyMail