មេ​ធំ​ថ្មី​នៅ Marseille ចង់​យក CR7 និង Zidane មក​រួម​ក្រុម​តែ​មួយ​ឲ្យ​កក្រើក​លីគ​បារាំង

ក្លឹប Marseille ក៏​មាន​បំណង​ចង់​នាំ​យក Cristiano Ronaldo នាម​ជា​កីឡាករ​លេង​នៅ​តំបន់​ប្រយុទ្ធ អម​ជាមួយ​អ្នកចាត់ការ​លោក Zinedine Zidane មក​រួម​ក្រុម​តែ​មួយ​ផង​ដែរ ​នៅ​ថ្ងៃ​ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អនាគត​ប្រធាន​ក្លឹប​ថ្មី​គឺ​លោក Mourad Boudjellal។

អ្នក​ជំនួញ​ល្បី​ឈ្មោះ​ខាង​លើ ​ត្រូវ​បាន​គេ​ដឹង​ថា​បោះ​ទុន​ធំ​ប្រមាណ ៧០០ លាន​អឺរ៉ូ​ក្នុង​ការ​ទិញ​សិទ្ធ​គ្រប់គ្រង​ក្លឹប Marseille នៅ​រដូវ​ក្តៅ​ ឆ្នាំ ២០២០ នេះ។ គោលដៅ​ដ៏​ធំ​មួយ គឺ​លោក Boudjellal ចង់​ជួយ​ឲ្យ​ក្លឹប មាន​កេរ​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ឡើង​វិញ ពោល​គឺ​ប្រជែង​ជាមួយ​នឹង​ក្លឹប​យក្ស PSG ផ្ទាល់​តែ​ម្តង។

កន្លង​ទៅ លោក Boudjellal ធ្លាប់​បាន​និយាយ​អំពី​ផែនការណ៍​ក្នុង​ការ​ចង់​បាន​វីរបុរស​ទាំង​ពីរ​យ៉ាង​ដូច្នោះ​ថា៖ “តើ​មាន​អ្វី​ដែល​ប្រសើរ​ជាង​ការ​នាំ​យក Zinedine Zidane ត្រលប់​មក​ប្រទេស​កំណើត​វិញ​នោះ? អនាគត​នឹង​បង្ហាញ​ចម្លើយ​មួយ​នេះ​ដល់​យើង”។

លោក​បន្ថែម​ថា៖ “ហើយ​សម្រាប់​កីឡាករ​ដែល​ខ្ញុំ​បំភ្លេច​មិន​បាន​នោះ​គឺ Cristiano Ronaldo ដោយ​ខ្ញុំ​គោរព​និង​ឲ្យ​តម្លៃ​លើ​ច្បាប់​ទម្លាប់​របស់​គាត់ ហើយ​បើ​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​ធ្លាប់​ស្រមៃ​ចង់​ចុះ​ហត្ថលេខា​យក​គាត់​មក​ Marseille ទេ? ពិត​ណាស់​គ្រប់​យ៉ាង​គឺ​សុទ្ធ​សឹង​តែ​អាច​កើត​ឡើង​បាន​ក្នុង​ជីវិត​មួយ​នេះ”។​

បញ្ជាក់​ថា Marseille ជា​ក្លឹប​ចំណាស់​នៅ​បារាំង ដែល​មាន​អាយុកាល​ ១២០ ឆ្នាំ​មក​ហើយ បើ​និយាយ​ពី​ប្រវត្តិ​ជោគជ័យ​គឺ​ក្លឹប​មួយ​នេះ អាច​ថា​លេចធ្លោ​ជាង​ក្លឹប Paris Saint-Germain ទៅ​ទៀត។ និយាយ​តែ​ពាន​នៅ Ligue 1 ក្លឹប Marseille ធ្លាប់​ឈ្នះ​បាន ១០ លើក ស្រប​ពេល​ដែល PSG ធ្លាប់​ឈ្នះ ៩ លើក​ប៉ុណ្ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT