ក្រោយពី Cristiano Ronaldo បានចាកចេញពី Real Madrid ទៅ រឿងដែលក្លឹបចង់បាន Neymar កាន់តែក្ដៅឡើងហើយ ខណៈដែលសាមីខ្លួនក៏ចេញមុខមកបញ្ជាក់ដើម្បីឱ្យអ្នកគាំទ្រអស់ចិត្តដែរ។
បទសម្ភាសន៍ជាមួយ Fox Sport ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលបាននិយាយថា៖ “ខ្ញុំនឹងបន្ដនៅទីនេះ ខ្ញុំនៅមានកុងត្រាជាមួយ PSG ។ ខ្ញុំចង់ប្រកួតប្រជែងនៅទីនេះបន្ដទៀត ដើម្បីសម្រេចគោលដៅរបស់ខ្ញុំ។ គ្មានអ្វីដែលផ្លាស់ប្ដូរក្នុងខួរក្បាលខ្ញុំឡើយ។ ការផ្លាស់ចេញនោះ ចេះតែកើតឡើង ធ្វើឱ្យខ្ញុំធុញទ្រាន់មែនទែន ប៉ុន្តែអ្នកគ្រប់គ្នាបានដឹងហើយថាខ្ញុំបានជួបប្រធានក្លឹបនិងបាននិយាយគ្នារួចរស់ហើយ”។
ក្លឹប PSG នឹងប្រជែងយកពានរង្វាន់ UEFA Champions League ម្ដងទៀត នៅរដូវកាលថ្មីខាងមុខនេះ ក្រោយពីពួកគេបានចុះកុងត្រាយកអ្នកចាំទីចាស់វស្សា Gianluigi Buffon ។ ក្លឹបក៏មិនមានបំណងចង់លក់កីឡាករល្អៗណាម្នាក់ចេញឡើយ បើទោះជាមានគេចង់បានច្រើនយ៉ាងណាក៏ដោយ៕ប្រភព៖ MARCA