សហព័ន្ធកីឡាសីដក់ និងឈីនឡូនកម្ពុជាបានប្រមូលផ្តុំក្រុមជម្រើសជាតិថ្នាលកីឡាសីដក់ឡើង វិញជា ជំហានៗ ដូចប្រភេទកីឡាដទៃៗទៀតដែរ ដោយកំពុងបង្កើនការហ្វឹកហាត់យ៉ាងសកម្មនៅពហុកីឡដ្ឋានជាតិ ជារៀងរាល់ថ្ងៃ។
លោក ជាតិ ខេមរា គ្រូបង្វឹកជម្រើសជាតិកីឡាសីដក់ និងឈីនឡូនបានឱ្យដឹងថា ចាប់តាំងពីដើមខែមិថុនានេះ សហព័ន្ធបានប្រមូលផ្តុំក្រុមជម្រើសជាតិថ្នាលហ្វឹកហាត់ឡើងវិញ ខណៈក្រុមជម្រើសជាតិឈុតធំមិនទាន់ប្រមូលផ្តុំនៅឡើយទេ។ លោកបន្ថែមទៀតថា ក្រុមថ្នាលយុវជននេះមាន១៦នាក់ គឺកីឡាករ៨នាក់ និងកីឡាការិនី៨នាក់ ដែលហ្វឹកហាត់ពេញ១ឆ្នាំៗតែម្តង ដើម្បីត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងនៅក្នុង ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា ការខិតខំហ្វឹកហាត់នេះនឹងជួយជំរុញគុណភាពបច្ចេកទេស សមត្ថភាពរបស់កីឡាករ កីឡាការិនីកាន់តែប្រសើរសម្រាប់ការប្រកួតអន្តរជាតិនានា ដូចជាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ក៏ដូចជាត្រៀមចូលរួមការប្រកួតព្រឹត្តិការណ៍ KING CUP នៅប្រទេសថៃ នាចុងឆ្នាំ២០២០នេះ ប្រសិនបើម្ចាស់ផ្ទះថៃប្រកាសបើកឱ្យដំណើរការប្រកួតឡើងវិញ ក្រោយស្ថានភាពវិបត្តិកូវីដ-១៩ ល្អប្រសើរឡើងវិញ។
ក្នុងចំណោមកីឡាករ កីឡាការិនីថ្នាលទាំង១៦នាក់នេះនឹងត្រូវសហព័ន្ធកីឡាសីដក់ និងឈីនឡូនកម្ពុជាជ្រើសរើសឱ្យចូលរួមបន្តការហ្វឹកហាត់នៅក្រុមជម្រើសជាតិឈុតធំ នៅពេលពួកគាត់ចម្រើនវ័យ១៩ឆ្នាំ ហើយក៏ជាក្តីសង្ឃឹមមួយ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ៕