អ្នក​ជិត​ស្និទ្ធ​ថា Neymar ​នឹង​មិន​ចេញ​ពី PSG ​ទៅ Barcelona ​វិញ​នោះ​ទេ​

​Wagner Ribeiro ​ភ្នាក់ងារ​ជន​ជាតិ​ប្រេស៊ីល ​និង​ជា​អ្នក​ជិតស្និទ្ធ​ជាមួយ Neymar ​បាន​បង្ហើប​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​នឹង​មិន​ចាកចេញ​ទៅ​ណា​ចោល PSG ​នោះ​ទេ។

បញ្ហា​មេរោគ Covid-19 ​ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ក្លឹប​ធំ​ៗ ​ប៉ះ​ពាល់​ខ្លាំង​នោះ នឹង​ធ្វើ​ឱ្យ​ទីផ្សារ​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ ​មាន​បញ្ហា​ដូច​គ្នា។ ​ក្លឹប​ធំ​ៗ​នឹង​មិន​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​នាំ​យក​កីឡាករ​ថ្មី​ចូល​ក្រុម​នោះ​ទេ។ កត្ដា​នេះ​ហើយ ទើប​បាន​ជា​លោក Wagner ​មើល​ឃើញ​ថា Neymar ​នឹង​មិន​ត្រូវ​បាន​ក្លឹប​ណា​មួយ​ហ៊ាន​ចំណាយ​ប្រាក់​ដល់​ជាង​១០០​លាន​ផោន​ដើម្បី​ទិញ​យក​ឡើយ។

“ខ្ញុំ​គិត​ថា Neymar ​នឹង​បន្ដ​លេង​នៅ PSG ​ទៀត ព្រោះ​Covid-19 ​បាន​ធ្វើ​ឱ្យ​ទីផ្សារ​ដោះដូរ​កីឡាករ​ប្លែក​ជាង​មុន។ សេដ្ឋកិច្ច​ក្នុង​វិស័យ​បាល់ទាត់​ពិភព​លោក​នឹង​ប្រែប្រួល។ ក្លឹប​មិន​អាច​ចំណាយ​ច្រើន​ដូច​រាល់​ដង​នោះ​ទេ”។ សម្ដី​របស់​លោក Wagner Ribeiro៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT