ភារកិច្ច៣​យ៉ាង CAMSOC និងសហព័ន្ធពិភាក្សាលើប្រភេទកីឡាលើទឹកត្រូវ​ធ្វើ​សម្រាប់ត្រៀមស៊ីហ្គេម ២០២៣

CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ​២០​២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយផ្តោតសំខាន់លើការៀបចំប្រភេទកីឡាលើទឹកនានា សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារជារួមក្រោយកិច្ចប្រជុំថ កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈចំនួន៣សំខាន់ៗ រួមមាន៖

ទី១-កិច្ចប្រជុំបានកំណត់លើទីលានប្រកួតនៃប្រភេទកីឡាលើទឹកមួយចំនួន ដូចជាការប្រកួតកីឡាទូកកានូ ទូករ៉ូអ៊ីង ទូកប្រពៃណី ម៉ូតូទឹក ទូកក្តោង និងប្រភេទកីឡាទ្រីយ៉ាត្លុង ដើម្បីរៀបចំផែនការគ្រោងទុកជាមុន ថាតើទីលានប្រកួតទាំងនេះត្រូវរៀបចំលើហេដ្ឋារចនាសម្ព័ន្ធតាមតម្រូវការស្តង់ដារបច្ចេកទេសឬអត់។ ក្នុងនោះមានទីតាំងប្រកួតចំនួន៣ ដែលត្រៀមចុះពិនិត្យ រួមមានទីតាំងបឹងតាមោក រាជធានីភ្នំពេញ ដែលនៅជិតជាមួយពហុកីឡដ្ឋានជាតិមរតកតេជោ, ខេត្តព្រះសីហនុ ដែលមានបឹងទឹកសាប (បឹងកង្កែប) និងឆ្នេរសមុទ្រ និងខេត្តកែប ដែលប្រភេទកីឡាទ្រីយ៉ាត្លុងត្រូវកំណត់រួចរាល់ហើយ ថាត្រូវធ្វើនៅខេត្តកែបនោះ ហើយប្រភេទកីឡាលើទឹកផ្សេងៗទៀតអាចទៅរៀបចំនៅខេត្តបានឬអត់ ដែលគម្រោងនេះឯកឧត្តមបណ្ឌិតថោង ខុន និងថ្នាក់ដឹកនាំសហព័ន្ធនឹងរួមគ្នាចុះពិនិត្យដោយផ្ទាល់ នាពេលខាងមុខឆាប់ៗនេះ ដើម្បីសម្រេច និងដាក់ស្នើសុំជាគោលការណ៍ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។

របៀបវារៈទី២-កិច្ចប្រជុំបានពិនិត្យមើលទៅលើនិមិត្តសញ្ញា (Mascot) ដែលយើងបានឯកភាពគ្នាក្នុងជំនាញរួចហើយ ខណៈស្លាកសញ្ញា (LOGO) នៅតែបន្តការកែសម្រួលបន្ថែមទៀត ដើម្បីពិនិត្យចុងក្រោយអំពីការជ្រើសរើសបេក្ខភាព ដែលដាក់ប្រឡងស្នាដៃនោះ មុនពេលដាក់ស្នើសុំការសម្រេចជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងដាក់ឆ្លងថ្នាក់ដឹកនាំកំពូលជាចុងក្រោយបំផុតពីសម្តេចតេជោនាយករដ្ឋមន្ត្រី។ ចំពោះបាវចនា ឬពាក្យស្លោក តំណាងឲ្យស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក៏ត្រូវបានជ្រើសរើសផងដែរ។

ចំពោះរបៀបវារៈទី៣ ត្រូវបានឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន បញ្ជាក់ជូនថា យើងបានពិនិត្យទៅលើផែនការ សកម្មភាពបន្ត សម្រាប់ឆមាសទី២ ឆ្នាំ២០២០នេះ ដែលពាក់ព័ន្ធទៅនឹងការចំណាយថវិកា ដែលត្រូវកាត់បន្ថយការចំណាយរហូតដល់៧០% ដែលនៅសល់ប្រមាណ៣០%ប៉ុណ្ណោះ ដែលត្រូវចំណាយ នាឆមាសទី២នេះ ដោយចំណាយលើផ្នែករដ្ឋបាល ការត្រៀមបណ្តុះបណ្តាលកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន។

https://www.facebook.com/2023seagames/videos/2281251728850384/

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​មាន​ប្រសាសន៍ថា៖ «ទាំងអស់នេះគឺអង្គប្រជុំសម្រេចបាននូវលទ្ធផលជាផ្លែផ្កា ប្រកបដោយភាពជឿជាក់ ដើម្បីជំរុញលឿននៃផែនការមេឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យកាន់តែលឿន និងកាន់តែល្អប្រសើរឡើងបន្ថែមទៀត»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT