ទីបំផុតតុលាការប្រទេសថៃ បានចោទប្រកាន់កីឡាករចំនួន ១៥ នាក់ មន្រ្តីអាជ្ញាកណ្តាល ១នាក់ និងមន្រ្តីខ្សែបន្ទាត់ ១នាក់ ពីបទពាក់ព័ន្ធក្នុងការកំណត់លទ្ធផលនៃការប្រកួតនៅក្នុងលីគបាល់ទាត់ក្នុងស្រុក កាលពីឆ្នាំមុន នាថ្ងៃច័ន្ទម្សិលមិញនេះ។
ការិយាល័យមេធាវី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា កីឡាករ ១៥នាក់នោះ ត្រូវបានចោតប្រកាន់ពីបទ រំលោភច្បាប់កីឡា ច្បាប់ល្បែងស៊ីសង និង បទល្មើសព្រហ្មទណ្ឌផងដែរ។ ស្ថាននៃការពិន័យអាចនឹងត្រូវបានជាប់ពន្ធនាគារ ពី ១ ទៅ ១០ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ទៅ ៦០ម៉ឺនបាត ( ស្មើនឹង $18,000 ។
ក្នុងសេចក្តីថ្លែងការណ៍នោះក៏បានបញ្ជាក់ថា ភាគីទាំងនោះបានបដិសេធលើការចោទប្រកាន់ ខណៈដែលតុលារ នឹងកោះប្រជុំ ដើម្បីប្រមូលភស្តុតាងបន្ថែមទៀតនៅខែកញ្ញាខាងមុខ។
ការចោទប្រកាន់នេះគឺមិនបាបញ្ជាក់ពីឈ្មោះក្លិបជាក់លាក់ទេ ។ គួររំលឹកថា នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧ សហព័ន្ធកីឡាបាល់ទាត់ថៃ ( FAT ) បានប្រកាសថា មនុស្សជាច្រើននាក់ ត្រូវបានគេចោទប្រកាន់ថា បានទទួលនូវប្រាក់ ឬផលប្រយោជន៍ពីការរៀបចំការប្រកួត និងលទ្ធផលទុកមុន ។
បុគ្គលជាច្រើនទៀត នឹងត្រូវបានគេរកឃើញបន្ថែមទៀត ខណៈដែលមេប៉ូលីសជាតិ បានបើកការស៊ើបអង្កេតលក្ខណៈប្រវត្តិសាស្រ្ត លើវិស័យកីឡាមួយនេះ។ សហព័ន្ធកីឡាបាល់ទាត់ថៃ បានចេញផ្សាយព័ត៌មានលំអិតបន្ទាប់ពីរដូវកាលបាល់ទាត់បានបញ្ចប់ ដែលកត់សម្គាល់ឃើញថា មានភាពមិនប្រក្រតីមួយចំនួន បានកើតឡើងនូវគ្រាប់បាល់ចុងម៉ោង ពាក់ព័ន្ធនឹងក្លិបបាល់ទាត់មួយ ៕
ប៉ូលីសបានបង្ហើបថា ទំហំទឹកប្រាក់ដែលគេធ្វើការបង់ទៅឲ្យកីឡាករ ឬមន្រ្តីក្លិប ដើម្បីរៀបចំការប្រកួត គឺស្ថិតនៅក្នុងខ្ទង់ $27,000 ៕