ក្រុម Napoli ចង់បានខ្សែបម្រើ Ivan Rakitic របស់ក្រុម FC Barcelona ដែរ ក្រោយពីក្លឹបអេស្ប៉ាញមានបំណងចង់បញ្ចេញរូបគេនារដូវក្ដៅខាងមុខនេះ។
កីឡាករក្រូអាតខាងលើនេះ នៅសល់កុងត្រាជាមួយក្រុមអ្នកមានបុណ្យដល់ឆ្នាំ២០២១ខាងមុខ ប៉ុន្តែបច្ចុប្បន្នមានក្លឹបជាច្រើនចង់បានរូបគេទៅ ហើយលោក Setien ដែលជាអ្នកចាត់ការក៏ចង់លក់ចេញដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ Rakitic មិនសូវមានឱកាសបានចូលលេងទៀងទាត់ឡើយ ដូច្នេះហើយទើបបានជាមានក្លឹបចង់ទាក់ទងរូបគេទៅ ដើម្បីបានឱកាសលេងវិញ។
Atletico Madrid ជាក្រុមដែលទាក់ទងតាំងពីមុនគេ ហើយបច្ចុប្បន្ននេះមាន Napoli មួយទៀត។ ក្រុមនៅអ៊ីតាលីនេះ ក៏ចង់បានដែរ ដោយទើបតែទាក់ទងសួរនាំពេលថ្មីៗនេះប៉ុណ្ណោះ។ គេជឿថារដូវក្ដៅខាងមុខ ពេលទីផ្សារដោះដូរកីឡាករបើក Rakitic អាចនឹងស្វែងរកទ្រនំថ្មី ចាកចេញពី Barcelona មែនទែនហើយ៕ប្រភព Marca