Arsenal ​ចង់​យក​ Lacazette ​ទៅ​ដូរ​យក Partey ​ពី​ក្រុម AT Madrid ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​ចង់​យក​ខ្សែ​ប្រយុទ្ធ Alexandre Lacazette ​ដើម្បី​ទៅ​ប្ដូរ​ជាមួយ​កីឡាករ Thomas Partey ​របស់​ក្រុម Atletico Madrid ​នា​ពេល​ដោះដូរ​កីឡាករ​ខាង​មុខ។លោក Arteta ​អ្នក​ចាត់ការ​ក្រុម​កាំភ្លើង​ធំ ​បាន​ដាក់​គោលដៅ​យក Partey ​របស់ AT Madrid ​ឱ្យ​បាន​នៅ​ពេល​ខាង​មុខ​នេះ។ ​តម្លៃ​ខ្លួន​របស់​កីឡាករ​ហ្គាណា ​ត្រូវ​បាន​គេ​ដឹង​ថា​ប្រមាណ​៥០​លាន​ផោន ប៉ុន្តែ​ក្រុម Arsenal ​អាច​មិន​ហាន​ដល់​នេះ​ទេ ទើប​ពួកគេ​ចង់​យក Lacazette ​របស់​ខ្លួន​ទៅ​ថែម​ឱ្យ AT Madrid ​ទៀត ​ក្រែង​បាន​តម្លៃ​ទាប​ជាង​នេះ។

Partey ​ជា​កីឡាករ​សំខាន់​ម្នាក់​របស់​ក្រុម​លោក Simeone ​នា​រដូវ​កាល​នេះ ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​ល្អ ​និង​ជួយ​ក្រុម​ទម្លាក់ Liverpool ​បាន​។ រូបគេ​បាន​បង្ហាញ​ខ្លួន​៣៦​ប្រកួត​នា​រដូវ​កាល​នេះ ​និង​រួម​ចំណែក​រក​បាន​៣​គ្រាប់ ​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១​គ្រាប់។ កុងត្រា​របស់​កីឡាករ​វ័យ​២៦​ឆ្នាំ​នៅ AT Madrid ​មាន​ដល់​ឆ្នាំ​២០២៥​ឯ​ណោះ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT