ម្ចាស់មេដាយមាសកម្រិតពិភពលោកលើប្រភេទកីឡាតេក្វាន់ដូITF កីឡាករ ប៉ាល់ ជីវ័ន្ត បានចែករំលែកនូវបទពិសោធន៍ដល់កីឡាករ កីឡាការិនីទាំងអស់ថា បើយើងមិនខិតខំហ្វឹកហាត់ ហើយបណ្តាយឱ្យគុណផលធ្លាក់ចុះនោះ គឺពិបាកស្តារឱ្យមកដូចដើមណាស់។
កីឡាករជម្រើសជាតិ និងជាគ្រូបង្វឹកដែរនោះ លោក ប៉ាល់ ជីវ័ន្ត បានអះអាងថា ក្នុងពេលផ្អាកការប្រមូលផ្តុំនេះ កីឡាករ កីឡាការិនីត្រូវហ្វឹកហាត់នៅតាមផ្ទះដោយខ្លួនឯង វាពិតជាមានផលលំបាកមួយចំនួន ដោយការហ្វឹកហាត់មិនដិតដល់ ដូចការប្រមូលផ្តុំនោះឡើយ។ លោកបានណែនាំឱ្យកីឡាករត្រូវតែខិតខំហ្វឹកហាត់រក្សាកម្លាំង និងថាមពល បូករួមជាមួយបច្ចេកទេសខ្លះៗ ដោយខ្លួនឯង ដើម្បីកុំឱ្យគុណផលធ្លាក់ចុះ។ លោកបានលើកឡើងថា បើធ្លាក់ចុះហើយ ត្រូវចំណាយពេលយូរណាស់ទើបអាចស្តារឡើងវិញបាន។
ក្នុងនាមជារាមច្បង និងជាកីឡាករជោគជ័យមួយរូប លោក ប៉ាល់ ជីវ័ន្ត បានជំរុញឱ្យកីឡាករត្រូវតែខិតខំហ្វឹកហាត់រក្សាកម្លាំងនិងថាមពល បូករួមជាមួយបច្ចេកទេសខ្លះៗ ដោយខ្លួនឯង ដើម្បីកុំឱ្យគុណផលធ្លាក់ចុះ។ លោកថា បើធ្លាក់ចុះហើយ ត្រូវចំណាយពេលយូរណាស់ទើបអាចស្តារឡើងវិញបាន។ ជាមួយគ្នានេះ អតីតគ្រូជម្រើសជាតិថ្នាលបានអំពាវនាវដល់កីឡាករ ក៏ដូចជាមហាជនទូទៅរក្សាឱ្យបាននូវអនាម័យ ចៀសវាងការចេញក្រៅ ហើយចាំបាច់ត្រូវតែចេញក្រៅនោះ គឺត្រូវពាក់ម៉ាសការពារ ជាពិសេសគឺត្រូវអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។
លោក ប៉ាល់ ជីវ័ន្ត ជាកីឡាករតេក្វាន់ដូITFកម្ពុជា ដែលដណ្តើមបានមេដាយមាសកម្រិតពិភពលោក ពីការប្រកួតជើងឯកពិភលោកលើកទី២១ ដែលធ្វើឡើងនៅប្រទេសប៊ុលហ្គារី ហើយពេលនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះសារសម្តែងការអបអរសាទរចំពោះកីឡាករកម្ពុជាដែលបាននាំមកនូវមោទនភាពថ្មីមួយទៀត ដែលកូនខ្មែរបានដណ្តើមយកមេដាយមាសកម្រិតពិភពលោកជូនដល់ជាតិមាតុភូមិ៕