Ferdinand៖ ខ្ញុំ​សឹង​តែ​ផ្លាស់​ទៅ​លេង​នៅ Barcelona ​ហើយ​

​Rio Ferdinand ​បាន​រំលឹក​ថា​នៅ​គ្រា​មួយ​នោះ​ ​រូបគេ​សឹង​តែ​ចាកចេញ​ពី​ក្រុម Manchester United ​ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ក្រុម FC Barcelona ​ទៅ​ហើយ​។​អតីត​កីឡាករ​ល្បី​ឈ្មោះ​នៅ​តំបន់​ការពារ​កណ្ដាល​នេះ ​បាន​ចំណាយ​ពេល​១២​ឆ្នាំ​លេង​នៅ Old Trafford ​។ ​អំឡុង​ឆ្នាំ​២០០៨ ​គ្រា​ដែល​រូបគេ​លេង​ឡើង​ជើង​ខ្លាំង​បំផុត​នោះ ​មាន​ក្លឹប Barcelona ​បាន​ទាក់ទង និង​ផ្ដល់​តម្លៃ​ពលកម្ម​ច្រើន​មែនទែន ដើម្បី​ឱ្យ​រូបគេ​ចាកចេញ​ទៅ​អេស្ប៉ាញ។ ​តែ​ដោយសារ​តែ​ការ​ស្រលាញ់ ​និង​ពេញ​ចិត្ត Man Utd ​ខ្លាំង​ពេក ទើប​រូបគេ​មិន​ព្រម​ចាកចេញ​ទៅ។

Rio ​បាន​និយាយ​ថា​៖ “នៅ​ពេល​នោះ ភ្នាក់ងារ​របស់​ខ្ញុំ ​បាន​សួរ​ខ្ញុំ​ថា​ចង់​ចាកចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ឬ​អត់ Barcelona ​ចង់​បាន​ខ្ញុំ​ទៅ។ ​ខ្ញុំ​នៅ​ពេល​នោះ ​ពិត​ជា​ចង់​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ជា​ខ្លាំង ​ប៉ុន្តែ​គិត​ចុះ​គិត​ឡើង ​ការ​បាន​លេង​នៅ​ក្លឹប​ដែល​យើង​ស្រលាញ់​ពី​ក្មេង​មក​ហើយ​នោះ គឺ​ពិបាក​ក្នុង​ការ​ចាកចេញ​ខ្លាំង​ណាស់។ ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​លេង​នៅ Old Trafford ​បន្ដ​ទៀត ដោយ​ច្រាន​ចោល​សំណើ​របស់ Barcelona ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT