លោក Phil Thompson អតីតវីរបុរសនៅហង្សក្រហម Liverpool បានបង្ហាញការជឿជាក់ថាលោក Jurgen Klopp គួរតែលៃលកចុះហត្ថលេខានាំយកកីឡាករ Philippe Coutinho ឲ្យមកចូលរួមនៅរដូវក្តៅខាងមុខនេះ។
Coutinho ធ្លាប់ជាអតីតកីឡាករមួយរូបរបស់ហង្ស ដែលបានចាកចេញពី Anfield នាឆ្នាំ ២០១៨ ផ្លាស់ទៅ Barcelona លើតម្លៃខ្លួន ១៣០ លានផោន ប៉ុន្តែការបង្ហាញទម្រង់លេងនៅក្លឹបបន្ទាប់ពីហង្សគឺកីឡាករប្រេស៊ីលធ្វើមិនសូវបានល្អសោះឡើយ។
យ៉ាងណាមិញតាមការយល់ឃើញរបស់ Thompson ប្រាប់ Sky Sports News បានបង្ហាញផ្ទុយស្រឡះមកវិញថា៖ “ខ្ញុំនៅតែគិតថាយើងត្រូវការខ្សែប្រយុទ្ធបន្ថែមទៀត ដោយនៅតំបន់ការពារហាក់បីដូចជាល្អហើយ ខណៈបម្រើក៏ដូចគ្នា ដូច្នេះហើយខ្ញុំគិតថា Coutinho គួរតែសក្តិសមនឹងការត្រលប់មកវិញម្តងទៀត”។
លោកបន្ថែម៖ “វាមិនមែនសម្រេចលើខ្ញុំទេ គឺស៊ីសងលើការសម្រេចរបស់អ្នកចាត់ការ”។ រំឭកថា Coutinho នារដូវកាលនេះនៅ Bundesliga ២២ ប្រកួតសរុបរកបាន ៨ គ្រាប់និង Assist ៦ លើក ខណៈនៅរដូវក្តៅខាងមុខ នឹងជាការសម្រេចច្បាស់លាស់មួយពីអនាគតរបស់គេថាអាចនឹងត្រូវត្រលប់ទៅ Barcelona ឬចរចាជាមួយក្លឹប Liverpool៕
ប្រភព៖ Metro