គ្រូ​បង្វឹក Flamengo ​ផ្ទុក​មេរោគ Covid-19 ​

​លោក Jorge Jesus ​អ្នក​ចាត់ការ​របស់​ក្រុម Flamengo ​តេស្ដ​វិជ្ជមាន​មេរោគ​ឆ្លង Covid-19 ។ ​នេះ​បើ​តាម​ក្លឹប​បាន​បញ្ជាក់​ជា​សាធារណៈ។

​លោក Jesus ​ទើប​តែ​ប្រកាស​ស្នើ​សុំ​ឱ្យ​លីគ​ប្រទេស​ប្រេស៊ីល ​ផ្អាក​បណ្ដោះអាសន្ន​សិន ​ដើម្បី​ការពារ​ឆ្លង​មេរោគ Covid-19 ​ខណៈ​ដែល​លោក​ទើប​បាត់បង់​មិត្តភក្ដិ​ម្នាក់​នៅ​អឺរ៉ុប ​ដែល​ឆ្លង​មេរោគ​នេះ​។ ​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ​ក្រោយ​ពី​ការ​ស្នើ​សុំ​របស់​លោក ​ពេល​នេះ​ក្លឹប Flamengo ​បាន​ប្រកាស​ថា​អ្នក​ចាត់ការ​វ័យ​៦៥​ឆ្នាំ​នេះ បាន​ឆ្លង​មេរោគ​បាត់​ទៅ​ហើយ។ ​បច្ចុប្បន្ន​លោក​កំពុង​សម្រាក​ព្យាបាល​ដោយ​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​នៅ​ប្រទេស​ប្រេស៊ីល។

ក្រុម​កីឡាករ​និង​ក្រុម​ការងារ​នៅ​ក្លឹប Flamengo ​ទាំង​អស់ ​បាន​ធ្វើ​តេស្ដ​រក​មេរោគ Covid-19 ​ដែរ ប៉ុន្តែ​លទ្ធផល​បឋម​គឺ​អវិជ្ជមាន។ ​លោក Jesus ​បាន​និយាយ​ដូច្នេះ​ទៀត​ថា​៖ “មេរោគ​នេះ​មិន​មែន​ជា​រឿង​លេង​សើច​ទេ។ ​ខ្ញុំ​គ្មាន​យោបល់​ឡើយ​ចំពោះ​ការ​ឆ្លង​មេរោគ​នេះ ​ប៉ុន្តែ​ខ្ញុំ​ដឹង​ច្បាស់​ថា​វា​មិន​ធម្មតា​ឡើយ។ យើង​ត្រូវ​តែ​យល់​ពី​ស្ថានភាព​នៅ​ពេល​នេះ”៕ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT