សហព័ន្ធខ្មែរកីឡាហែលទឹកបង្ហាញផែនការសកម្មភាពការងារអភិវឌ្ឍន៍ប្រចាំឆ្នាំ២០២០

មន្ត្រីសហព័ន្ធខ្មែរកីឡាហែលទឹកបានបង្ហាញនូវផែនការសកម្មភាពការងារអភិវឌ្ឍន៍ជាច្រើនប្រចាំឆ្នាំ២០២០នេះ។លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានឱ្ដឹងថា សម្រាប់កម្មវិធីប្រកួតក្នុងស្រុកថ្នាក់ជាតិ មានដូចជា ការប្រកួតកីឡា​ហែលទឹកពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន, ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ, ពានរង្វាន់​សម្តេចតេជោ ហ៊ុន សែន, ការប្រកួតកីឡាសិស្សនិស្សិតសាលវិទ្យាល័យថ្នាក់ជាតិ លើកទី១, ការប្រកួតក្នុងឱកាសបើកសម្ពោធដាក់ឱ្យប្រើប្រាស់អាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក។

សម្រាប់ការរៀបចំវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ ដែលជាគ្រូជម្រើសជាតិ និងគ្រូតាម​បណ្តាក្លឹបធំៗ និងវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកម្រិត២ ក្រោមការបង្រៀនពីគ្រូឧទ្ទេស​មកពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ FINA។ ចំពោះការត្រៀមចូលរួមប្រកួតលក្ខណៈ​អន្តរជាតិ មានដូចជាការប្រកួតជើងឯកហែលទឹកអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី, ការ​ប្រកួតកីឡាសិស្សអាស៊ានហ្គេម នៅប្រទេសហ្វីលីពីន, ការប្រកួតកីឡានិស្សិតសាកលវិទ្យា​ល័យ, ការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូត្យូប្រទេសជប៉ុន និងការប្រកួតជ្រើសរើស​ជើងឯកពិភពលោកអាងទឹកខ្នាតខ្លី។

អគ្គលេខាធិការរូបនេះបញ្ជាក់ថា ទាំងអស់នេះគឺជាផែនការប្រចាំឆ្នាំ២០២០ ហើយអ្វី​ដែល​ជាទិសដៅ គឺសហព័ន្ធជំរុញឱ្យកីឡាករ កីឡាការិនីថ្នាលខិតខំធ្វើយ៉ាងណាឱ្យដណ្តើម​បានមេដាយនៅលើឆាកអន្តរជាតិឱ្យបាន ក្នុងនោះមាន២ព្រឹត្តិការណ៍ ដែលថ្នាក់ដឹកនាំ​សហ​ព័ន្ធ​កំពុងសម្រួចគោលដៅនោះ គឺការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជន​អាស៊ី​អាគ្នេយ៍ និងការប្រកួតកីឡាសិស្សអាស៊ានហ្គេម នៅប្រទេសហ្វីលីពីន នេះតែម្តង។ ការប្រកួត​ទាំងពីរ នេះសហព័ន្ធខ្មែរកីឡាហែលទឹកមានកីឡាករ កីឡាការិនីអាចចូលរួមបាន ហើយ​សង្ឃឹមថា​អាចប្រជែងបានមេដាយ។

លោកចាត់ទុកថា នេះគឺជាគោលដៅអភិវឌ្ឍន៍របស់ខ្លួន សម្រាប់ឆ្នាំ២០២០ ដើម្បី​សម្រួច​គោលដៅបាញ់ឆ្ពោះទៅ ទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង​អប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT