ព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យថ្នាក់ជាតិលើកទី១ កំណត់យក១២ប្រភេទកីឡា

នាយកដ្ឋានអប់រំកាយកីឡាសិស្ស-និស្សិតនៃក្រសួងអប់រំ យុវជន និងកីឡាបានបើកកិច្ចប្រជុំ​ត្រៀម​រៀបចំការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិលើកទី១ ដោយកំណត់យក១២​ប្រភេទ​កីឡា និងមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។

ការប្រកួតកីឡាសាកលវិទ្យាល័យជាលើកដំបូងនៅឆ្នាំ២០២០នេះ គ្រោងចាប់ផ្តើមការ​ប្រកួត​ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០​ដោយមានការចូលរួមពី៣០​គ្រឹះស្ថានឧត្តម​សិក្សា។ ក្នុងចំណោម១២ប្រភេទកីឡានេះ មាន៩៥វិញ្ញាសា ដូចជាកីឡាបាល់ទាត់បុរសនារី, បាល់ទះ, បាល់បោះ, កីឡាប៉េតង់, អត្តពលកម្ម, វាយសី, វាយកូនឃ្លីលើតុ, ការ៉ាតេ, តេក្វាន់ដូ I.T.F, តេក្វាន់ដូ WT, ហែលទឹក និងសីដក់ ដោយប្រើប្រាស់ទីលានប្រកួតចំនួន៥ គឺពហុកីឡ​ដ្ឋាន​ជាតិអូឡាំពិក, វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, វិទ្យាល័យបឹងត្របែក, វិទ្យាល័យ ជា ស៊ីម​ បឹងកេងកង និងវិទ្យាល័យច្បារអំពៅ។

ឯកឧត្តម សុខ សប្បាយណា បានលើកឡើងថា ការកែទម្រង់ស៊ីជម្រៅពីមកប្រកួត​ជាទម្រង់ហ្គេម ឬពហុកីឡាថ្នាក់ជាតិនេះ គឺជាគោលដៅរបស់ក្រសួងអប់រំយុវជន និងកីឡា ពីឆ្នាំ២០២០ នេះតទៅ ដើម្បីស្វែងរកគុណផលកីឡាកម្រិតខ្ពស់ ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ គោលដៅ ក្រសួងអប់រំយុវជន និងកីឡា ចាប់ពីឆ្នាំ២០២០ នេះតទៅ គ្រប់ការប្រកួតកម្រិតសិស្ស-និស្សិតនឹងក្លាយទៅជាការប្រកួតថ្នាក់ជាតិ ដែលនឹងរៀបចំឱ្យ​មាន​ទម្រង់ជាលក្ខណៈហ្គេម ឬហៅថាទម្រង់ពហុកីឡា ដើម្បីស្វែងយកពីបទពិសោធន៍ឱ្យ​កាន់តែ​ល្អប្រសើរ ក្នុងការត្រៀមខ្លួន ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT