[ផ្លូវការ] Bruno Fernandes ផ្លាស់​មក​ Man Utd ហើយ ចុះ​បាន​លេង​ទល់ Wolves ចុង​សប្តាហ៍​នេះ​ទេ?

Bruno Fernandes បាន​ផ្លាស់​មក​ចូលរួម​នៅ​ក្លឹប​បិសាច​ក្រហម Manchester United ជា​ផ្លូវការ​ហ​ហើយ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គេហទំព័រ​ផ្លូវការ​ Manutd.com។ បច្ចុប្បន្ន​អ្វី​ដែល​ត្រូវ​រង់ចាំ​មើល​គឺ​ទាក់ទិន​កឹង​កិច្ច​ព្រមព្រៀង​លក្ខខណ្ឌ​មួយ​ចំនួន​និង​ការ​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព​តែ​ប៉ុណ្ណោះ។

បើ​តាម​តម្លៃ​ខ្លួន​របស់​គេ​ត្បិត​មិន​មាន​ការ​បង្ហើប​ជា​ផ្លូវការ តែ​តាម​ដឹង​ពី​ប្រភព TransferMarkt គឺ​ថ្លៃ​ ៦០ លាន​​អឺរ៉ូ​ដូច​បញ្ជាក់​ពី​ដំបូង​មក​អ៊ីចឹង។

នៅ​ថ្ងៃ​អាទិត្យ​វេលា​ម៉ោង ១២:៣០ នាទី​រំលង​អាធ្រាត្រ​លើ​ទំព័រ CTS Sports នឹង​មាន​ការ​ចាក់​ផ្សាយ​ប្រកួត​ពិសេស​រវាង Man Utd និង Wolves។ ឆ្លៀត​នឹង​ប្រកួត​នេះ​ដែរ អ្នក​សារព័ត៌មាន​ក្រៅ​ស្រុក​ក៏​បាន​ចោទ​សួរ​ទៅ​កាន់​អ្នកចាត់ការ​លោក Ole Gunnar Solskjaer ថា Bruno Fernandes នឹង​អាច​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ប្រកួត​នោះ​ឬ​បែប​ណា។

លោក Solskjaer បាន​ឆ្លើយតប៖ “គ្រប់​យ៉ាង​គឺ​នៅ​ស៊ីសង​តែ​លើ​ការ​ធ្វើ​តេស្ត​សុខភាព​និង​ការ​ចុះ​កុងត្រា​តែ​ប៉ុណ្ណោះ ដោយ​សម្រាប់ Fernandes គឺ​ត្រៀម​ខ្លួន​រួចរាល់​នឹង​អាច​ចូលរួម​ប្រកួត​បាន​ហើយ”៕ ប្រភព៖ ManUtd.com

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT