Lukaku ថា​ខ្លួន​មាន​ជម្រើស​ធំ ២ ក្នុង​ដៃ តែ​ទី​បំផុត​រើស​យក Inter Milan

Romelu Lukaku បាន​ទម្លាយ​ថា​មុន​ផ្លាស់​មក​ចូលរួម​នៅ Inter Milan កាល​នោះ​មាន​ជម្រើស​ផ្សេង​មួយ​ទៀត​ពោល​គឺ​ឱកាស​ទៅ​ចូលរួម​នៅ​ក្លឹប Juventus ប៉ុន្តែ​ខ្លួន​បដិសេធ ហើយ​ច្បាស់លាស់​ថា Inter សក្តិសម​សម្រាប់​ខ្លួន​ច្រើន​ជាង​និង​ជឿ​ទុក​ចិត្ត​លើ​ការ​ដឹកនាំ​របស់​លោក Antonio Conte។

កីឡាករ​សញ្ជាតិ​បែលហ្សិក​បាន​និយាយ​ប្រាប់ Sky Sports UK ថា៖ “កាល​ពី​រដូវ​ក្តៅ​ ខ្ញុំ​ដឹង​ថា​ខ្ញុំ​នឹង​ត្រូវ​ចាកចេញ​ពី Manchester United ហើយ​ខ្ញុំ​អាច​ផ្លាស់​ទៅ​ចូលរួម​នៅ Turin ឬ Milan [Juventus ឬ Inter Milan] តែ​ខ្ញុំ​ចង់​ទៅ Inter ហើយ​ពេល​ភ្នាក់ងារ​ខ្ញុំ​​ប្រាប់​ពី​ចម្លើយ​វិជ្ជមាន​ខ្ញុំ​អបអរ​ខ្លាំង​មែនទែន”។

បុរស​វ័យ ២៦ ឆ្នាំ​បន្ថែម​ថា៖ “ក្រុម​នេះ​រឹងមាំ​ណាស់ ដោយ Conte គាត់​ដឹង​ពី​យុទ្ធសាស្រ្ត​ក្នុង​ការ​យក​ជ័យជម្នះ”។

គួរ​រំឭក​ថា Lukaku រក​បាន ១៤ គ្រាប់​ហើយ​នៅ​ការ​បង្ហាញ​ខ្លួន ២១ ប្រកួត​សរុប​នៅ Serie A រដូវ​កាល​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT