លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិក មើលឃើញថាប្រេស៊ីលជាក្រុមល្អឥតខ្ចោះ ពួកគេមានកីឡាករល្អច្រើន ប៉ុន្តែបែលហ្សិកក៏មិនអន់ដែរ បើនរណាភ្លាត់ស្នៀតនោះនឹងចាញ់ការប្រកួតនេះ។
ប្រេស៊ីល នឹងប៉ះជាមួយបែលហ្សិកនៅម៉ោង១រំលងអាធ្រាត្រនេះ នៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup 2018 ដែលធ្វើឡើងនៅប្រទេសរុស្ស៊ី។ ក្រុមទាំងពីរនេះ មានសមត្ថភាពល្អដូចគ្នា កីឡាករសុទ្ធតែលេងនៅក្លឹបធំៗ និងមិនមានប្រវត្តិចាញ់នោះទេ ប៉ុន្មានប្រកួតមកហើយ។
មុនការប៉ះគ្នាយប់នេះដែរ លោក Roberto Martinez គ្រូរបស់ក្រុមបែលហ្សិកនិយាយថា៖ “ខ្ញុំគោរពចំពោះអ្វីដែលក្រុមប្រេស៊ីលបានធ្វើកន្លងមក។ យើងកំពុងរង់ចាំការប្រកួតចូលមកដល់ វាជាការប្រកួតមួយដែលកីឡាករទាំងអស់ត្រូវលេងអស់ពីសមត្ថភាព។ ទប់មួយទល់មួយ ហើយនរណាដែលភ្លាត់នោះ ពួកគេនឹងបរាជ័យក្នុងប្រកួតនេះ។ យើងមិនខ្លាំងការពារទេ តែយើងក៏អាចប្រយុទ្ធល្អដែរ”។
បែលហ្សិកក្នុងប្រកួតយប់នេះ មិនមានបញ្ហាកីឡាកររបួសនោះទេ។ ដោយឡែកសម្រាប់ប្រេស៊ីលវិញ អាចអវត្តមាន២នាក់គឺ Casemiro មិនបានចូលលេងទេ ព្រោះជាប់កាត ស្របពេល Costa របួស មិនប្រាកដថាបានលេងឬអត់។ ចំពោះ Marcelo វិញ អាចចូលលេងបាននៅប្រកួតយប់នេះ៕ប្រភព៖ GOAL