Lampard ​ចង់​បាន Cavani ​មក​រួម​ក្រុម​ដែរ​

Frank Lampard ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​បង្ហើប​ថា​លោក​ក៏​មាន​ចិត្ត​ចង់​បាន​ខ្សែ​ប្រយុទ្ធ Edinson Cavani ​ពី​ក្រុម PSG ​មក​រួម​ក្រុម​ដែរ ព្រោះ​រូបគេ​ជា​កីឡាករ​មាន​បទ​ពិសោធ​ល្អ​ម្នាក់​។

ខ្សែ​ប្រយុទ្ធ​របស់ PSG ​ខាង​លើ​បាន​សុំ​ក្លឹប​ចាកចេញ​នៅ​ខែ​មករា​នេះ​តែ​ម្ដង ​ក្រោយ​ពី​រូបគេ​មិន​សូវ​មាន​ឱកាស​បាន​លេង។ ​ក្លឹប Atletico Madrid ​ជា​អ្នក​ចាប់​អារម្មណ៍​នឹង​ទាក់ទង Cavani ​ដើម្បី​ផ្លាស់​ទៅ​លេង​នៅ​អេស្ប៉ាញ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ហើយ ​មិន​ទាន់​អាច​សម្រេច​បាន​នៅ​ឡើយ​ទេ។ ដោយ​សារ​តែ​ការ​ចរចា​តម្លៃ​ខ្លួន​រវាង​ក្លឹប​ទាំង​ពីរ ​មិន​ត្រូវ​គ្នា។

ជាមួយ​គ្នា​នេះ ​ក្រុម Chelsea ​របស់​លោក Lampard ​ក៏​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​រូបគេ​ដែរ។ ​លោក Lampard ​ចង់​បាន ព្រោះ​ដើម្បី​យក​មក​ជំនួស​តំណែង​របស់ Olivier Giroud ​ដែល​ត្រៀម​ចាកចេញ​ពី​ក្លឹប​នៅ​ខែ​មករា​នេះ​ដូច​គ្នា។ ​អ្នក​ចាត់ការ​ក្រុម ​តោ​ខៀវ ​បាន​និយាយ​ដូច្នេះ​ថា​៖ “គាត់​ជា​កីឡាករ​ល្អ។ ​ខ្ញុំ​ធ្លាប់​លេង​ទល់​នឹង​គាត់ ​ហើយ​ខ្ញុំ​តែងតែ​ស្រលាញ់​អ្វី​ដែល​គាត់​បង្ហាញ​សមត្ថភាព ​និង​អាកប្បកិរិយា​របស់​គាត់។ ​ហើយ​គ្រាប់​បាល់​ដែល​គាត់​រក​បាន ក៏​ជា​ភស្តុតាង​បង្ហាញ​ពី​សមត្ថភាព​របស់​គាត់​រួច​ហើយ​ដែរ”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT