Roger Federer វីរបុរសវាយកូនបាល់អន្តជាតិ បានចុះកុងត្រារយៈពេល១០ឆ្នាំជាមួយក្រុមហ៊ុនលក់សំលៀកបំពាក់ជប៉ុន Uniqlo ក្នុងតម្លៃខ្លួន៣០០លានដុល្លារ។
ការចុះកុងត្រានេះ ធ្វើឡើងបន្ទាប់ពី Roger បានដាច់កុងត្រាជាមួយក្រុមហ៊ុន Nike កាលពីប៉ុន្មានខែកន្លងទៅ។ កីឡាករសញ្ជាតិស្វីសខាងលើនេះ បានចុះកុងត្រាកាលពីថ្ងៃចន្ទកន្លងទៅ ហើយក្នុងការប្រកួតពានរង្វាន់ Wimbledon រូបគេបានពាក់អាវរបស់ផលិតផលក្រុមហ៊ុន Uniqlo ហើយ។
ម្ចាស់ពានរង្វាន់ Grand Slam ២០សម័យកាលខាងលើបាននិយាយថា៖ “ខ្ញុំសប្បាយចិត្តដែលបានពាក់អាវរបស់ Uniqlo។ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាថា វានៅមានពេលច្រើនទៀត ហើយរឿងជាច្រើនទៀតនឹងចូលមកដល់។ ខ្ញុំមិនមានកុងត្រាជាមួយខាងក្រុមហ៊ុនស្បែកជើងនោះទេ ហើយខ្ញុំកំពុងរង់ចាំជាមួយការចុះកុងត្រាមួយទៀត”។
ដោយសារតែខាងក្រុមហ៊ុន Uniqlo មិនមានផលិតស្បែកជើងឡើយ ដូច្នេះហើយ Roger នៅប្រើស្បែកជើង Nike របស់ខ្លួនសិន។ ស្របពេលដែលកីឡាកររូបនេះ កំពុងស្វែងរកការចុះកុងត្រាមួយទៀត ចំពោះស្បែកជើងរបស់គាត់៕ប្រភព៖ BBC