ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរលើកទី៥ឆ្នាំ២០២០ មានអត្តពលិកចូលរួម ១.៣០០ នាក់

ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរលើកទី៥ខេត្តសៀមរាប  ឆ្នាំ  ២០២០  ឬព្រឹត្តិការ​ណ៍​ Angkor Ultra Trail 2020 លើកទី៥ ដែលជាព្រឹត្តិការណ៍កីឡាបែបទេសចរណ៍ រត់ផ្សងព្រេងចម្ងាយឆ្ងាយ  ១២៨គីឡូម៉ែត្រ  នៅតំបន់អង្គរ នឹងចាប់ផ្ដើមនៅថ្ងៃទី  ១៨-១៩ ខែ   មករា  ខាងមុខនេះ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ  គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងក្នុងសន្និ​សីទកាសែត  នាព្រឹកថ្ងៃទី០៩មករា  នេះថា ព្រឹត្តិការណ៍នេះមាន  កីឡាករ-កីឡាការិនីចូលរួមរត់ប្រ​មា​ណ  ១.២០០  ទៅ  ១.៣០០  នាក់ ក្នុងនោះមានបរទេសជាង  ៧០០នាក់ មកពី៤៤ប្រទេសលើពិភពលោក។ ក្នុងនោះ បារាំងច្រើនជាងគេ បន្ទាប់មក  អង់គ្លេសនិងកូរ៉េ  ។

លោកបានកត់សម្គាល់ឃើញថា នៅក្នុងការរត់ចម្ងាយថ្ងៃឆ្នាំនេះ កីឡាករកម្ពុជា  ចូលរួមច្រើនជាងឆ្នាំមុនៗ ហើយមានខ្មែរ៣នាក់  ដែលចូលរួមរត់ចម្ងាយឆ្ងាយ  ១២៨  គីឡូម៉ែត្រនេះ ដែលនាំឲ្យចំនួនអ្នកចូលរួមកើន  ប្រមាណ១០% គឺ  ប្រមាណ  ១.២០០នាក់  ទៅ  ១.៣០០នាក់ ។

ព្រឹត្តិការណ៍រៀបចំឡើងក្រោមកិច្ចសហការរវាង  គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិង  ក្រុ​ម​ហ៊ុន Phoenix Voyage នេះ ចាប់ផ្ដើមចេញដំណើររត់ពីមុខទីលានប្រជល់ដំរី  នៅម៉ោង ៤ភ្លឺ ថ្ងៃទី១៨  មករា សម្រាប់  វិញ្ញាសារត់ចម្ងាយ ១២៨  គីឡូម៉ែត្រ ហើយគ្រោងនឹងបញ្ចប់  នៅថ្ងៃទី ១៩ ខែ  មករា កី​ឡាករ-កីឡាការិនី  ម្នាក់ៗ អាចចំណាយពេលវេលាប្រមាណ ២៤ម៉ោង ដើម្បីរត់កាត់  វាលស្រែ ផ្លូវលំ ផ្លូវព្រៃ  ជុំវិញតំបន់អង្គរ ដោយគ្មានការឈប់សម្រាកឡើយ ។

លោក វ៉ាត់ ចំរើន បន្ថែមទៀតថា ចំពោះការរត់ចម្ងាយឆ្ងាយលើកទី៥ លើទឹកដីអង្គរនេះ គឺមានកំណើនអ្នកចូលរួមច្រើនរហូតដល់ទៅជាង  ១.៣០០  នាក់ ពោលគឺច្រើនជាងកាលពីឆ្នាំ២០១៩ ដែលមានអ្នកចូលរួមត្រឹម  ១.០០០នាក់ប៉ុណ្ណោះ ។  ប៉ុន្ដែបន្ថែមលើការចូលរួមរត់      អត្តពលិក  ម្នាក់ៗ ក៏​មានគ្រួសារសាច់ញាតិនិង  មិត្តភ័ក្រ្តអមដំណើរជាច្រើនរយនាក់ផងដែរ ដែលជួយជំរុញឲ្យមានកំណើន  ទេសចរណ៍  និង  រួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និង  សេដ្ឋកិច្ចជាតិផងដែរ។

លោកបញ្ជាក់ថា «ការរៀបចំព្រឹត្តិការណ៍កីឡាបែបទេសចរណ៍  នេះដែរ គឺផ្ដោតលើគោលបំ​ណងសំខាន់ៗជាច្រើន «គោលដៅទី១ គឺ  ផ្សព្វផ្សាយ  ឲ្យបណ្ដាប្រទេសលើ  ពិភពលោក ពិសេសភ្ញៀវ​ទេសចរជាង  ៤៤  ប្រទេសចូលរួម បានដឹងពី  ស្ថេរភាព សន្ដិភាព និង  ការអភិវឌ្ឍន៍លើគ្រប់វិស័យ  ក្នុងប្រទេសកម្ពុជា ក៏ដូចជា  ផ្សព្វផ្សាយនិងចូលរួមថែរក្សាគោលដៅទេសចរណ៍ប្រវត្ដិសាស្ដ្រ  របស់  កម្ពុជា គឺ  តំបន់អង្គរ ខេត្តសៀមរាប។ ទី២ គឺការរួមចំណែកស្វែងរក  មូលនិធិ  សម្រាប់ជួយដល់  ការងារមនុស្សធម៌  តាមអង្គការ និង  មន្ទីរពេទ្យមួយចំនួន និងទី៣ គឺការទាក់ទាញភ្ញៀវទេសចរកា​ន់តែច្រើនផងដែរ»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំ២០២០ គឺបែងចែកជា ៥វិញ្ញាសាសម្រាប់រត់ដូចឆ្នាំកន្លងទៅដែរ រួមមានវិញ្ញសារត់ចម្ងាយ ១២៨  គីឡូម៉ែត្រ, រត់ចម្ងាយ ៦៤គីឡូ ម៉ែត្រ, រត់ចម្ងាយ ៤២គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ និង រត់ចម្ងាយ១៦គីឡូម៉ែត្រ ដែលត្រូវចេញដំណើរជាបន្ដបន្ទាប់៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT